(​ប៊ែឡាំ​ង​)៖ លោក Herbert Hainer នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​សម្ភារៈ​កីឡា​ដ៏​ធំ​នៅលើ​ពិភពលោក Adidas បាន ស្នើសុំ​ឲ្យមាន​ការកំណត់​អាយុ ក៏ដូចជា​អាណត្តិ​ក្នុងការ​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA សម្រាប់​លើក​ក្រោយៗ​ទៀត​។​

​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយនឹង​ទស្សនា​វ​ដ្តី WirtschaftsWoche ដែល​ត្រូវបាន​ដកស្រង់​ដោយ​សារព័ត៌មាន Channel News Asia នៅ​ព្រឹក​ថ្ងៃទី​១៩ វិច្ឆិកា​នេះ លោក Hainer បាន​លើកឡើង​ថា «​ការកំណត់​អាយុ និង​អាណត្តិ​ក្នុង​ការដឹកនាំ FIFA វា​គួរតែ​ត្រូវបាន​ធ្វើឡើង​ក្នុង​លក្ខខណ្ឌ​សមស្រប​ណាមួយ ហើយ​ក៏​ស្ថិត​ក្រោម​ការឃ្លាំមើល​ពី​ក្រុមប្រឹក្សា​វិន័យ និង​ដៃគូ​ឧបត្ថម្ភ​ធំៗ​ផងដែរ​»​។​

​បុរស​ជនជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​សង្កត់ធ្ងន់ថា ការធ្វើ​បែប​នេះ​ចៀសវាង​កើតឡើង​នូវ​អំពើពុករលួយ ហើយក៏​ជា​គម្រោងការ​ទី​១ ក្នុង​ការលុបបំបាត់​រឿងអាស្រូវ​ទាំងឡាយណា ដែល​កើតឡើង​ក្នុង​ស្ថាប័ន​ដែល​មិន​គិត​ប្រាក់​កំរៃ​នេះ​ទៀតផង​។ FIFA នឹង​ធ្វើ​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​ជំនួស​តំណែង​លោក Sepp Blatter នា​ថ្ងៃ​ទី​២៦ ខែ​កុម្ភះ ឆ្នាំ​២០១៦ ខាងមុខ ក្នុងនោះ​ដែរ​មាន​បេក្ខជន​៥​រូប​ត្រៀម​ឈរឈ្មោះ​។​

​សូមបញ្ជាក់​ថា Adidas ជា​ក្រុមហ៊ុន​យក្ស​របស់​អាល្លឺម៉ង់ ដែល​ជា​ដៃគូឧ​ត្ថ​ម្ភធំ​របស់ FIFA ក្នុង​ការឧបត្ថម្ភ បាល់​ពេល​ប្រកួត World Cup ម្តងៗ និង​យូរ​ជាង​គេ​ផង​ដែរ​ចាប់តាំងពី​ឆ្នាំ​១៩៧០​មក ជាមួយនឹង​ការ​ផុតកំណត់​កិច្ចសន្យា​រហូតដល់ ឆ្នាំ​២០៣០ ខាងមុខ​៕​