(​ម៉ាលី​)៖ យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន BBC និង Reuters នៅ​មុន​នេះ​បន្ដិច​បានឲ្យដឹងថា មាន​ករណី​ខ្មាន់កាំភ្លើង​បាន​បើក​ការវាយប្រហារ​ទៅលើ​សណ្ឋាគារ​មួយ​កន្លែង​នៅក្នុង​រដ្ឋធានី Bamako នៃ​ប្រទេស​ម៉ាលី ហើយ​តាម​ការអះអាង​របស់​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា ខ្មាន់កាំភ្លើង​បាន​ចាប់​មនុស្ស​ជាច្រើននាក់ធ្វើ​ជា​ចំណាប់ខ្មាំង​។

Update ព័ត៌មាន៖

 

* ក្រុមហ៊ុនអាកាសចរណ៍ Air France បានលុបចោលជើងហោះហើរពីទីក្រុងប៉ារីស មកកាន់ទីក្រុង Bamako បន្ទាប់ពីមានករណីវាយប្រហារ និង​ចាប់​ចំណាប់ខ្មាំង ពីសំណាក់ក្រុមខ្មាន់កាំភ្លើង។

* ចំណាប់ខ្មាំង ៨០​នាក់​ត្រូវបាន​ដោះលែង បន្ទាប់ពី​មាន​ប្រតិបត្តិការ​ពី​កងកម្លាំង​ពិសេស នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ AFP​។

* រដ្ឋាភិបាលឥណ្ឌា បានឲ្យដឹងថា ក្នុងចំណោមចំណាប់ខ្មាំងទាំង ១៧០នាក់ មាន​ជនជាតិឥណ្ឌា ២០នាក់។

* កងកម្លាំង​សន្តិសុខ​បានបញ្ជាក់​ថា ចំណាប់ខ្មាំង ២០​នាក់​ត្រូវបាន​ដោះលែង  នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ AP​។

* ក្នុងចំណោមអ្នកស្លាប់ទាំង ៣នាក់ ត្រូវបានគេដឹងថា មានជនជាតិម៉ាលីពីរនាក់ និងបារាំង០១ម្នាក់។

* យ៉ាងហោច​ណាស់​មាន​មនុស្ស ៣​នាក់​បាន​ស្លាប់ ក្នុងករណី​វាយប្រហារ​នៅ​សណ្ឋាគារ Radisson Blu hotel ក្នុង​ទីក្រុង Bamako ប្រទេស​ម៉ាលី នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ CNN នៅ​មុន​នេះ​បន្ដិច​។

* ទីភ្នាក់ងាយសារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយថា ក្នុងចំណោមចំណាប់ខ្មាំង ១៧០នាក់ មាន​ជនជាតិចិន ៧នាក់។

* រដ្ឋាភិបាលបារាំងបានឲ្យដឹងថា នៅក្នុងចំណោមចំណាប់ខ្មាំងទាំង ១៧០នាក់នោះ ក៏មាន​ពលរដ្ឋបារាំងផងដែរ។

* ក្រុមហ៊ុនអាកាសចរណ៍តួកគី បានឲ្យដឹងថា ក្នុងចំណោមចំណាប់ខ្មាំងទាំងអស់ មានបុគ្គលិករបស់ខ្លួនចំនួន ៦នាក់។

* យោងតាមការចេញផ្សាយរបស់ Reuters បានឲ្យដឹងថា ចំណាប់ខ្មាំងមួយចំនួនត្រូវបានដោះលែង។

* មាន​សន្ដិសុខ ២​នាក់ បាន​រងរបួស បន្ទាប់ពី​មាន​ករណី​វាយប្រហារ​ពី​ក្រុម​ខ្មាន់កាំភ្លើង នៅក្នុង​ទីក្រុង Bamako ប្រទេស​ម៉ាលី នេះ​បើ​យោង​តាម​ការបញ្ជាក់​ពី​ប្រធាន​សន្ដិសុខ​សណ្ឋាគារ Radisson​។

* ក្នុងចំណោមចំណាប់ខ្មាំងទាំង ១៧០នាក់ មានភ្ញៀវ ១៤០នាក់ និងបុគ្គលិក ៣០នាក់។

* ខ្មាន់កាំភ្លើង បានចាប់ភ្ញៀវ និងបុគ្គលិកនៅ​ក្នុងសណ្ឋាគារ ប្រមាណជា ១៧០នាក់ ធ្វើជាចំណាប់ខ្មាំង។ 

* ស្ថានទូតអាមេរិកប្រចាំប្រទេសម៉ាលី អំពាវនាវឲ្យពលរដ្ឋខ្លួនមានការប្រុងប្រយ័ត្ន ក្រោយ​ពេល​មានខ្មាន់កាំភ្លើងវាយប្រហារសណ្ឋាគារក្នុងក្រុង Bamako។