(​ប៉ារីស​)៖ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UN) បាន​អនុម័ត​ក្នុង​ការជួយ​ដោះស្រាយ និង​ឧបត្ថម្ភ​ចំពោះ​វិបត្តិ ដែល​បាន​កើតឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង និង​បាន​ស្នើឲ្យ​ដៃគូ​ពាក់ព័ន្ធ​ចូលរួ​មប្រយុទ្ធ​ប្រឆាំងនឹង ISIS ផងដែរ​។​

​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​ចេញ​ដោយ UN តាមរយៈ AP បានឲ្យដឹងថា «​ពិភពលោក​ទាំងមូល​មិន​អនុញ្ញាត​ឲ្យ ISIS គំរាមកំហែង​ទាំង​សន្តិសុខ​ជាតិ និង​អន្តរជាតិ​បន្ត​ទៀត​ឡើយ នោះ​មានន័យ​ថា យើង​ទាំងអស់​ត្រូវតែ​រួមដៃគ្នា ក្នុង​ការលុបបំបាត់​នូវ​ការគំរាមកំហែង​មួយ​នេះ​»​។​

​សម្រាប់ UN នេះ​ជា​ការគំរាមកំហែង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​លើក​ទី​១៤ គិត​ត្រឹម​ឆ្នាំ​១៩៩៩​មក រាប់បញ្ចូល​ទាំង​ការបាញ់ ប្រហារ​នៅ​ទីក្រុង​ប៉ារីស ដែល​បាន​សម្លាប់​មនុស្ស​១៣២​នាក់ និង​របួស​ជាច្រើន​នាក់​, ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ដែល​បាន​សម្លាប់​មនុស្ស ៤៣​នាក់​នៅ​ទីក្រុង Beirut និង​ការ​បំផ្ទុះ​គ្រាប់បែក​ទម្លាក់​យន្តហោះ​រុស្ស៊ី​ដឹក​អ្នកដំណើរ ២២៤​នាក់ ធ្លាក់​ក្នុង​ទីក្រុង Sinai ប្រទេស​អេ​ហ្ស៊ី​ប​ផងដែរ ដែល​សុទ្ធសឹងតែ​ជា​ទង្វើ​របស់ ISIS ទាំងអស់​៕​