(​ព្យុង​យ៉ាង​)៖ សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ នា​ថ្ងៃ​អាទិត្យ​ម្សិលមិញ​បាន​ធ្វើ​ការព្រមាន​ទៅ​ប្រទេស​កូរ៉េខាងត្បូង កុំឲ្យ​បង្ក​រឿង​ក្នុង​ដែនទឹក​កំពុង​មាន​ជម្លោះ ដែល​ស្ថិតនៅ​សមុទ្រ​ខាងលិច នៅ​មុន​ថ្ងៃ​ខួប​ប្រាំ​ឆ្នាំ​នៃ​ការបាញ់​កាំភ្លើង​ធំ​នៅ​កោះ Yeonpyeong នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន ចិន​ស៊ិនហួ ចេញផ្សាយ​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​

​សារព័ត៌មាន CKNA បាន​រាយការណ៍​ដោយ​ដកស្រង់​សំដី អ្នកនាំពាក្យ​របស់​យោធា​កូរ៉េខាងជើង ដែល​បាន​ចោទប្រកាន់​យោធា​កូរ៉េខាងត្បូង​ថា បាន​រៀបចំ​គម្រោង​ត្រៀម​បាញ់ប្រហារ​ក្នុង​ដែនទឹក​កូរ៉េខាងជើង នៅ​ថ្ងៃ​ចន្ទ​ខាងមុខ​។ ឆ្លើយតប​បញ្ហា​នេះ​រដ្ឋាភិបាល​ក្រុង ព្យុង​យ៉ាង​បាន​ព្រមាន​ថា ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល បាញ់ប្រហារ​ក្នុង​ដែនទឹក​កូរ៉េខាងជើង នោះ​ពួកគេ​ទទួលបាន​នូវ​ការសង​សឹក​ដោយ​គ្មាន​ត្រា​ប្រណី​ឡើយ​៕​