(ម៉ូស្គូ)៖ រុស្ស៊ី នៅថ្ងៃអង្គារនេះ បានហៅការបាញ់ទម្លាក់យន្តហោះចម្បាំងមួយគ្រឿងរបស់ខ្លួន នៅតំបន់ព្រំដែនតួកគី ជាមួយនឹងស៊ីរី ថា ជា «ឧប្បត្តិហេតុធ្ងន់ធ្ងរបំផុត» ដោយបានបញ្ជាក់យ៉ាងទទូចថា យន្តហោះរបស់ខ្លួន មិនបានឆ្លងដែនចូលទៅកាន់ទឹកដី របស់ប្រទេសតួកគីនោះទេ នេះយោងតាមព័ត៌មាន Channel News Asia ចេញផ្សាយនៅយប់ថ្ងៃទី២៤ ខែវិច្ចិកា ឆ្នាំ២០១៥​បានឲ្យដឹងយ៉ាងដូច្នេះ។ តួកគីដែលជាសមាជិករបស់អង្គការ NATO បានឲ្យដឹងថា យន្តហោះរុស្ស៊ីបានបំពានដែនអាកាសរបស់ខ្លួន ចំនួន១០ដង នៅក្នុងរយៈពេល៥នាទី ហើយត្រូវបានបាញ់ទម្លាក់ ដោយយន្តហោះចម្បាំងប្រភេទ F-16s របស់ខ្លួន។

នេះគឺជាលើកដំបូងហើយ ដែលយន្តហោះចម្បាំងរបស់រុស្ស៊ី ត្រូវបានបាញ់ទម្លាក់ ចាប់តាំងពីរដ្ឋាភិបាលទីក្រុងម៉ូស្គូ បានចាប់ផ្តើមបើកយុទ្ធនាការទម្លាក់គ្រាប់បែក នៅក្នុងប្រទេសស៊ីរី ចាប់តាំងពីថ្ងៃទី៣០ ខែកញ្ញា តាមការស្នើសុំរបស់ លោកប្រធានាធិបតីស៊ីរី Bashar al-Assad ដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែងជាមួយរុស្ស៊ី។

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា យន្តហោះដែលត្រូវបានគេបាញ់ទម្លាក់ ប្រភេទ Sukhoi គឺជារបស់រុស្ស៊ី ប៉ុន្តែវាត្រូវបានបាញ់ទម្លាក់ ដោយគ្រាប់ចេញពីលើផ្ទៃដី បើទោះបីជាតួកគី បានអះអាងថា យន្តហោះចម្បាំងរបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះរបស់រុស្ស៊ីក្តី។ ប្រភពខាងលើបន្តថា ជោគវាសនារបស់អ្នកបើកបរទាំងពីរ មិនទាន់ដឹងច្បាស់នៅឡើយ ប៉ុន្តែតាមសេចក្តីរាយការណ៍ដំបូង បានឲ្យដឹងថា ពួកគេបានគេចខ្លួនចេញពីយន្តហោះហើយ៕