(​ប៉េកាំង​)៖ រដ្ឋាភិបាល​ចិន​បាន​ជម្រុញ​ឲ្យ​សហរដ្ឋអាម៉េរិក និង​ជប៉ុន កុំ​បង្ហាញ​នូវ​សកម្មភាព​យោធា និង​បង្កើត​ភាព​តានតឹង នៅ​តំបន់​សមុទ្រ​ចិន​ភាគខាងត្បូង នេះ​បើ​តាម​ព័ត៌មាន Xinhua ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​២៦ ខែ​វិច្ចិកា ឆ្នាំ​២០១៥​នេះ​។​

​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោក Nakatani និង​លោក Harry Harris មេបញ្ជាការ​អាម៉េរិក​ប៉ាស៊ីហ្វិក បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​បន្ត​នូវ​សមយុទ្ធ​រួមគ្នា រវាង​យោធា​អាម៉េរិក និង​កងកម្លាំង​ជើង​ទឹក​ការពារជាតិ​ជប៉ុន ព្រមទាំង​បាន​នឹង​កំពុង​ជួយ​ដល់​បណ្តា​ប្រទេស​អាស៊ាន ក្នុង​ការបង្កើន​នូវ​សមត្ថភាព​យោធា​របស់​ពួកគេ​ផង​ដែរ​។​

«​យើង​ស្នើ​ឲ្យ​បណ្តា​ប្រទេស​ដែល​ជាប់​ពាក់ព័ន្ធ ធ្វើ​នូវ​អ្វី​ដែល​នាំមក​នូវ​សន្តិភាព និង​ស្ថេរភាព នៅ​តំបន់​សមុទ្រ​ចិន​ភាគខាងត្បូង ហើយ​ជៀសវាង​ការបង្ហាញ​សាច់ដុំ បង្កើត​ភាព​តានតឹង នៅក្នុង​តំបន់​» នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Hong Lei បានឲ្យ​ដឹង​យ៉ាង​ដូច្នេះ​។​

​ក្នុង​នោះ​ផង​ដែរ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ក្រសួង​ការពារ​ជាតិចិន បាន​ព្រមាន​សហរដ្ឋ​អាម៉េរិក កុំ​បញ្ជូន​នាវា​យោធា​ជាថ្មី​ម្តងទៀត មកកាន់​ដែនដី​របស់​ចិន នៅ​តំបន់​សមុទ្រ​ចិន​ភាគខាងត្បូង បន្ទាប់​ពី​សហរដ្ឋ​អាម៉េរិក បាន​ធ្វើឲ្យ​ចិន​ខឹងសម្បារ ដោយ​បើក​នាវាចម្បាំង USS Lassen ចូល​មក​កាន់​ដែនទឹក​ជិត​តំបន់ Zhubi Reef៕​