(​ម៉ូស្គូ​)៖ យ៉ាងហោច​ណាស់​មនុស្ស ចំនួន​១០​នាក់​បាន​ស្លាប់ នៅ​ក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ ប្រភេទ Mi-8 នៅ​ភាគ​ខាងជើង​តំបន់ Krasnoyarsk ប្រទេស​រុស្ស៊ី នេះ​បើ​តាម​ព័ត៌មាន Interfax របស់​រុស្ស៊ី ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​២៦ ខែ​វិច្ចិកា ឆ្នាំ​២០១៥​នេះ​។​

«​ទិន្នន័យ​ចុងក្រោយ​បំផុត បានបង្ហាញ​ថា មាន​មនុស្ស​ចំនួន​១០​នាក់​បាន​ស្លាប់ នៅក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ និង​មនុស្ស​១៥​នាក់​ទៀត បាន​ទទួល​រងរបួស ហើយ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​» នេះ​បើ​តាម​របាយការណ៍ ពី​មន្ត្រីប៉ូលិស​បានឲ្យ​ដឹង​យ៉ាង​ដូច្នេះ​។​

​ក្រសួង​សង្គ្រោះបន្ទាន់​រុស្ស៊ី បានបញ្ជាក់​ថា មាន​មនុស្ស​ទាំងអស់​ចំនួន​២៥​នាក់ ជិះ​នៅលើ​ឧទ្ធម្ភាគចក្រ ក្នុងនោះ ៣​នាក់​ជា​សហសេវិក និង​២២​នាក់​ជា​អ្នកធ្វើដំណើរ​។ ឧទ្ធម្ភាគចក្រ​នេះ បាន​ជួប​គ្រោះថ្នាក់ ខណៈ​ធ្វើដំណើរ​ទៅ​កាន់​តំបន់​រ៉ែ​ប្រេង​មួយកន្លែង ដោយ​វា​បាន​ធ្លាក់​នៅ​ជិត​អាកាស​យាន្តដ្ឋាន Igarka ដោយ​សាកសព​ឧទ្ធម្ភាគចក្រ បាន​សណ្តូក​នៅ​លើ​ច្រាំង​ទន្លេ Yenisey​។ មូលហេតុ​នៃ​ការធ្លាក់ ពុំ​ទាន់​ដឹង​នៅឡើយ​ទេ ប៉ុន្តែ​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​មួយ បានឲ្យដឹងថា វា​អាច​បណ្តាលមកពី​បញ្ហា​បច្ចេកទេស​គ្រឿង​ម៉ាស៊ីន​។​

​សូមជម្រាបថា Mi-8 ជា​ឧទ្ធម្ភាគចក្រ​រចនា​ឡើង​ដោយ​រុស្ស៊ី មាន​ម៉ាស៊ីន​ភ្លោះ សម្រាប់​ការដឹកជញ្ជូន​ខ្នាត​មធ្យម ដោយ​មាន​ការប្រើប្រាស់​នៅ​ជាង ៥០​ប្រទេស ទូទាំង​ពិភពលោក​៕​