(​ម៉ូស្គូ​)៖ យោង​តាម​ព័ត៌មាន Channel News Asia ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​២៦ ខែ​វិច្ចិកា ឆ្នាំ​២០១៥ បានឲ្យដឹងថា នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក Dmitry Medvedev បានដាក់​បញ្ជា​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ បង្កើត​នូវ​វិធានការ​សេដ្ឋកិច្ច ប្រឆាំង​ទៅនឹង​តួ​ក​គី ក្នុងនោះ​រួម​ទាំង​ការបង្ក​កនូវ​គម្រោង​វិនិយោគ​រួម​មួយ​ចំនួន ជាមួយ​តួ​ក​គី​ផងដែរ ។​

​ដោយ​ការ​ដាក់​បញ្ជា​តប​តរបស់ លោកនាយក​រដ្ឋមន្ត្រី​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​យន្តហោះ​ចម្បាំង​មួយ​គ្រឿង​របស់​ខ្លួន ត្រូវបាន​តួ​ក​គី​បាញ់​ទម្លាក់ នៅ​ជិត​តំបន់​ព្រំដែន​ជាមួយ​ស៊ី​រី កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ជាមួយនឹង​ហេតុផល​ថា យន្តហោះ​ចម្បាំង​រុស្ស៊ី បាន​បំពាន​ដែនអាកាស​របស់ខ្លួន​។​

​លោកនាយក​រដ្ឋមន្ត្រី Dmitry Medvedev ក៏​បាន​ប្រាប់​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ដែល​ធ្វើឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ដែរ​ថា វិធានការ​គួរតែ​រួមបញ្ចូល​ទាំង ការដាក់​លក្ខខណ្ឌ​ក្នុងការ​នាំចូល​អាហារ មកពី​ប្រទេស​តួ​ក​គី​ផងដែរ​៕​