(​សេ​អ៊ូ​ល​)៖ កូរ៉េ​ខាងត្បួង និង​ជើង នៅ​ថ្ងៃ​សុក្រ ទី​២៧ ខែ​វិច្ឆិកា​នេះ បាន​យល់ព្រម​ធ្វើ​កិច្ចចរចា​កម្រិត​ខ្ពស់​នៅ​ខែ​ក្រោយ ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​ស្វែងរក​ដំណោះស្រាយ និង​កែលម្អ​ទំនាក់ទំនង​ឲ្យ​វិល​ទៅ​រក​ភាពល្អប្រសើរ​ឡើង​វិញ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បួង​យ៉ុន​ហ៊ាប ចេញផ្សាយ​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា​។​

​រដ្ឋ​មន្ត្រី​ជាន់ខ្ពស់​របស់​ប្រទេស​កូរ៉េ​ទាំង​ពីរ បានបញ្ជាក់​ដូចគ្នា​ថា នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ខាងមុខនេះ នឹង​មាន​កិច្ចចរចា​ថ្មី​មួយទៀត ដើម្បី​ពិភាក្សា​ស្វែងរក​សន្ដិភាព​រវាង​ប្រទេស​ដែល​ជា​សាច់ឈាម​តែមួយ ហើយក៏​បាន​រំពឹង​ថា ក្រោយ​ពី​កិច្ចពិភាក្សា​នោះ​បញ្ចប់ នឹង​ទទួលបាន​លទ្ធផល​ល្អ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ភាព​តានតឹង​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ​ត្រូវ​បាន​កើតឡើង​ក្រោយ​ពេល​បញ្ចប់​សង្គ្រាម​ឧបទ្វីប​កូរ៉េ​ឆ្នាំ ១៩៥០-៥៣ ដោយ​ក្នុង​នោះ​កូរ៉េ​ខាងត្បួង​បាន​ព្យាយាម​ចរចា​ជាមួយ​កូរ៉េ​ខាងជើ​ង​ជាច្រើន​ដង ដើម្បី​ឲ្យ​សាច់ញាតិ​ដែល​បាន​បែក​គ្នា​នា​សម័យ​សង្គ្រាម បាន​ជួបជុំគ្នា​វិញ​៕​