(​ដេលី​)៖ រដ្ឋាភិបាល​ឥណ្ឌា បាន​ទទួល​ជោគជ័យ ក្នុង​ការបាញ់​សាកល្បង គ្រាប់​មី​ស៊ី​ល​ផ្ទុក​នុយក្លេអ៊ែ ប្រភេទ Prithvi II ដែល​ផលិត​ឡើង​ដោយ​ខ្លួនឯង ចេញ​ពី​មូលដ្ឋាន​ការពារជាតិ​មួយ នៅ​ភាគ​ខាងកើត​រដ្ឋ Odisha នេះ​បើ​តាម​ព័ត៌មាន​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ ចេញផ្សាយ​នៅ​ថ្ងៃទី​២៦ ខែ​វិច្ចិកា ឆ្នាំ​២០១៥​។​


«​គ្រាប់​មី​ស៊ី​លបាញ់​ចេញពី​ផ្ទៃដី ជាមួយនឹង​រយៈ​ចម្ងាយ ៣៥០​គីឡូម៉ែត្រ ហើយ​មាន​សមត្ថភាព ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែ​ទម្ងន់ ១​ពាន់​គីឡូក្រាម ត្រូវ​បាន​បាញ់​សាកល្បង​ទទួលបាន​ភាពជោគជ័យ ដោយ​កង​យោធា​ឥណ្ឌា​»​។ នេះ​បើ​តាម​ប្រភព​មួយ​បានឲ្យ​ដឹង​យ៉ាង​ដូច្នេះ​។​

Prithvi II មាន​ម៉ាស៊ីន​២ ដែល​ប្រើប្រាស់​កម្លាំង​រុញច្រាន ដោយ​សារធាតុ​រាវ ហើយ​វា​ត្រូវបាន​ដាក់បញ្ចូល​ប្រើប្រាស់ ក្នុង​កងកម្លាំង​ទ័ព ក្នុង​ឆ្នាំ​២០០៣ បន្ទាប់​ពី​អង្គការ​អភិវឌ្ឍន៍ និង​ស្រាវជ្រាវ​ការពារជាតិ​របស់​រដ្ឋ បាន​អភិវឌ្ឍន៍​វា​ឡើង​នៅក្នុង កម្មវិធី​អភិវឌ្ឍន៍​មី​ស៊ី​ល​របស់​ឥណ្ឌា​។

​សូមជម្រាបថា ការបាញ់​សាកល្បង​កាលពី​លើក​មុន បាន​ធ្វើឡើង​នៅក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៥​កន្លងទៅ ប្រកប​ដោយ​ភាពជោគជ័យ ចេញ​ពី​ទីតាំង​ដូច្នេះ នៃ​ការបាញ់​ចុងក្រោយ​នេះ នៅក្នុង​រដ្ឋ Odisha៕