(​ប៉ូឡូញ​)៖ រដ្ឋាភិបាល​នៃ​ប្រទេស​ប៉ូឡូញ បាន​នឹង​កំពុង​តែពិចារណា ទៅលើ​គម្រោង​ផ្អាក​ទិញ​មី​ស៊ី​ល និង​ឧទ្ធម្ភាគចក្រ​ពី​ក្រុមហ៊ុន​អាមេរិក ដោយ​បាន​លើក​ហេតុផល​ថា «​តម្លៃ​ខ្ពស់ ហើយ​ការដឹកជញ្ជូន​មាន​ភាពយឺតយ៉ាវ មិន​ដូច​អ្វី​ដែល​បាន​កំណត់​នៅក្នុង​កិច្ចព្រមព្រៀង​» នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា​។​

​លោក Antoni Macierewicz រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ថ្មី មកពី​គណបក្ស​ប្រឆាំង ដែល​ទើបនឹង​ឈ្នះឆ្នោត​ថ្មីៗ​នេះ បានបញ្ជាក់​ថា រដ្ឋាភិបាល​ប៉ូឡូញ បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​មី​ស៊ី​ល និង​ឧទ្ធម្ភាគចក្រ​ពី​ក្រុមហ៊ុន​អាមេរិក​ក្នុងតម្លៃ ៥,៣​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ពង្រឹង​ផ្នែក​យោធា ក្រោយពេល​មាន​ភាព​តានតឹង​នៅ​ព្រំដែន​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុ​យក្រែន​។​

​លោក​រដ្ឋមន្ត្រី​រូបនេះ​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រុមហ៊ុន​អាមេរិក និង​អង់គ្លេស អាច​ធ្វើ​ការដេញថ្លៃ​សម្រាប់​គម្រោង​ទិញ​អាវុធ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ប៉ូឡូញ ប្រសិនបើ​គម្រោង​ខាងលើ​ត្រូវ​បាន​លុបចោល​៕​