(​ម៉ូស្គូ​)៖ វិមាន​គ្រីម​ឡាំង​របស់​រុស្ស៊ី បាន​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ប្រធានាធិបតី​តួ​ក​គី លោក Recep Tayyip Erdogan បាន​ព្យាយាម​ទូរស័ព្ទ​ទាក់ទង ទៅកាន់​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បន្ទាប់ពី​មាន​ហេតុការណ៍​បាញ់​ទម្លាក់ យន្តហោះ​ចម្បាំង​មួយគ្រឿង របស់​រុស្ស៊ី ដោយ​កងកម្លាំង​តួ​ក​គី នេះ​បើ​តាម​ព័ត៌មាន Xinhua ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​២៧ ខែ​វិច្ចិកា ឆ្នាំ​២០១៥​នេះ​។

«​ការ​ទូរស័ព្ទ​ត្រូវបាន​ធ្វើឡើង​ប្រមាណ ៧​ទៅ​៨​ម៉ោង បន្ទាប់ពី​ហេតុការណ៍​កើតឡើង​» នេះ​បើ​តាម​សម្តី​អ្នកនាំពាក្យ​វិមាន Kremlin លោក Dmitry Peskov បានឲ្យ​ដឹង​យ៉ាង​ដូច្នេះ​។ ប្រធានាធិបតី​តួ​ក​គី បានឲ្យ​ដឹង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ស្ថានី​យ៍​ទូរទស្សន៍​មួយ​របស់​បារាំង​ថា លោក​បាន​ព្យាយាម​ទូរស័ព្ទ ទៅកាន់​លោក Putin បន្ទាប់ពី​ហេតុការណ៍​កើតឡើង ប៉ុន្តែ​មិន​អាច​ភ្ជាប់​ទំនាក់ទំនង​បាន​នោះទេ​។ លើសពីនេះ ប្រធានាធិបតី​តួ​ក​គី ក៏​បាន​ស្នើ​ឲ្យមាន​កិច្ចប្រជុំ​មួយ ជាមួយនឹង​លោក Putin នៅ​សប្តាហ៍​ក្រោយ ក្នុង​ទីក្រុង​ប៉ារីស​ផងដែរ ប៉ុន្តែ​មិន​ទាន់​ទទួលបាន នូវ​ការឆ្លើយតប​ពី​ភាគី​រុស្ស៊ី​នៅឡើយ​ទេ​។

​សូម​ជំរាប​ថា ទំនាក់ទំនង​រវាង​តួ​ក​គី និង​រុស្ស៊ី ត្រូវ​បាន​ធ្លាក់ចុះ បន្ទាប់ពី​មាន​ហេតុការណ៍ បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី ជាមួយនឹង​ការអះអាង​របស់​រដ្ឋាភិបាល​ទីក្រុង Ankara ថា យន្តហោះ​ចម្បាំង​ប្រភេទ Su-24 របស់​រុស្ស៊ី បាន​បំពាន​ដែនអាកាស​របស់ខ្លួន​៕​