(​នី​ហ្សេ​រី​យ៉ា​)៖ យ៉ាងហោច​ណាស់​មនុស្ស ២១​នាក់​បាន​ស្លាប់ បន្ទាប់ពី​ក្រុម​ឧទ្ទាម Boko Haram បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ចូល​ហ្វូង​មនុស្ស​ដែល​កំពុង​ដង្ហែ​ក្បួន Shia របស់​សាសនា​ម៉ូ​ស្លីម នៅ​រដ្ឋ Kano ភាគ​ខាងជើង​នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន RT ចេញផ្សាយ​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា​។​

​អាជ្ញ​ធរ​បាន​បញ្ជាក់ថា សកម្មជន​របស់​ក្រុម​ឧទ្ទាម Boko Haram បាន​ស្លៀកពាក់​ខ្មៅ​ដូច​អ្នក​ដង្ហែ​ក្បួន និង​បាន​ចូល​បន្លំ​ខ្លួន​នៅក្នុង​ក្បួន រួច​ក៏​ធ្វើ​សកម្មភាព​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​តែ​ម្ដង ហើយ​បើ​តាម​ការបញ្ជាក់​សកម្ម​ជន​របស់​ក្រុម​ឧទ្ទាម Boko Haram ដែល​បំផ្ទុះ​គ្រាប់បែក​នោះ​គឺជា​បុរស​វ័យក្មេង​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា ក្រុម​ឧទ្ទាម Boko Haram បាន​សម្លាប់​មនុស្ស ៦.៦៤៤​នាក់ ចាប់តាំងពី​ឆ្នាំ​២០១៤ ដោយ​តួលេខ​នេះ​ច្រើន​ជាង​ក្រុម ISIS ដែល​មាន​ត្រឹមតែ ៦.០៧៣​នាក់​៕​