(​ម៉ូស្គូ​)៖ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បានអនុម័ត​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ប្រទេស​តួ​ក​គី បន្ទាប់​ពី​ប្រទេស​តួ​ក​គី​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់ខ្លួន​នៅ​ព្រំដែន​ស៊ី​រី នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា​។​

​នៅក្នុង​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​លោក Putin ក៏​បាន​ធ្វើ​ការហាមឃាត់​ជើងហោះហើរ​ទាំង​អស់​សម្រាប់​ទៅកាន់​ប្រទេស​តួ​ក​គី ដោយ​ក្នុង​នោះ​ក្រុមហ៊ុន​ទេសចរណ៍​ក៏​ត្រូវ​បាន​ហាមឃាត់ ជាពិសេស​គឺ​មិន​អនុញ្ញាត​ឲ្យ​ជួលមនុស្ស​មកពី​ប្រទេស​តួ​ក​គី​ឲ្យធ្វើ​ការ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​ការដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​នេះ ត្រូវបាន​មន្ត្រី​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​តួ​ក​គី យល់ឃើញថា វា​កាន់​អាក្រក់​ឡើយ និង​កាន់តែ​ធ្វើឲ្យ​ប្រទេស​ទាំង​ពីរ​ប្រឈមមុខនឹ​ង​បញ្ហា​ជាច្រើន ខណៈ​ដែល​រុស្ស៊ី​ជា​អ្នក​ខុស ព្រោះ​យន្តហោះ​រុស្ស៊ី បាន​ហោះ​រំលោភ​ដែនអាកាស​របស់ខ្លួន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា​កន្លង​ទៅនេះ យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​មួយគ្រឿង​ត្រូវបាន​ទាហាន​តួ​ក​គី​បាញ់​ធ្លាក់ នៅ​ក្នុង​ប្រតិបត្តិការ​កម្ទេច​ក្រុម ISIS នៅក្នុង​ប្រទេស​រុស្ស៊ី ដោយ​តួ​ក​គី​បានបញ្ជាក់​ថា​យន្តហោះ​រុស្ស៊ី បាន​ហោះ​រំលោភ​ដែនអាកាស ហើយ​មិន​ស្ដាប់​ការព្រមាន​ទើប​បាញ់​ទម្លាក់​តែម្ដង​៕​