(​អង់កា​រ៉ា​)៖ ប្រធានាធិបតី​តួ​ក​គី លោក Recep Tayyip Erdogan បាន​ព្រមាន​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ថា «​កុំ​ប្រលែង​ជាមួយ​ភ្លើង​» ឆ្លើយតប​នឹង​ការបាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន BBC ចេញផ្សាយ​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​លោក Putin បានទាមទារ​ឲ្យ​តួ​ក​គី សុំ​អភ័យទោស​ចំពោះ​ករណី​នេះ ទើប​លោក​យល់ព្រម​ចរចា​ជាមួយ​លោក Erdogan​។ យ៉ាងនេះក្តី រដ្ឋាភិបាល អង់កា​រ៉ា បាន​បដិសេធ​មិន​ព្រម​សូម​អភ័យទោស​ចំពោះ​រឿង​នេះ​ឡើយ ដោយ​អះអាង​ថា យន្តហោះ​រុស្ស៊ី​បាន​បំពាន​ដែនអាកាស​របស់ខ្លួន​។​

​សូមជម្រាបថា ថ្មីៗ​នេះ​ប្រទេស រុស្ស៊ី​បានប្រកាស​ផ្អាក​គោលការណ៍​ធ្វើដំណើរ​ដោយ​គ្មាន​ទិដ្ឋាការ​ជាមួយ​ប្រទេស តួ​គី ដែល​នេះ​ជា​វិធានការណ៍​សងសឹក​ថ្មី​មួយ​របស់​រដ្ឋាភិបាល​ក្រុង ម៉ូស្គូ​ចំពោះ​គូសត្រូវ​របស់​ខ្លួន​៕​