(​វ៉ាស៊ីនតោន​)៖ សកម្មប្រយុទ្ធ​របស់​ពួក​ឧទ្ទាម​រដ្ឋ​ឥស្លាម ISIS រាប់ពាន់នាក់ បាន​ប្រមូលផ្តុំ​គ្នា ក្នុង​ទឹកដី​សហរដ្ឋ​អាម៉េរិក ដែល​តួលេខ​នេះ​មាន​ចំនួន​ច្រើន​លើស​ពី​រំពឹងទុក ជម្រុញ​ឲ្យមាន​ការលើក​ឡើង​ថា ក្រុម​អ្នកគាំទ្រ​ទាំងនោះ​អាច​នឹង​រៀបចំ​គម្រោង​ការវាយប្រហា​រ​ណាមួយ ដែល​ស្រដៀង​គ្នា​នឹង​ការវាយប្រហារ​នៅ​ប៉ារីស​ផងដែរ នេះ​បើ​យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន WND ចេញផ្សាយ​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​

​សូមជម្រាបថា កន្លងមក សហរដ្ឋ​អាម៉េរិក​បានអនុញ្ញាត​ឲ្យ​ជនអ​ន្តោ​ប្រវេសន៍​៧​ម៉ឺន​នាក់ ចូលមក​រស់នៅ​សហរដ្ឋ​អាម៉េរិក ក្នុង​មួយ​ឆ្នាំ ហើយ​គោលការណ៍​ត្រូវបាន​អនុវត្ត​ជាច្រើន​ឆ្នាំ​មកហើយ​។ ជនភៀសខ្លួន​ទាំងនោះ​ភាគច្រើន មាន​ប្រភព​មក​ពី​ប្រទេស​កាន់សាសនា​ឥស្លាម ដូចជា​ប្រទេស សូ​ម៉ាលី និង​អ៊ីរ៉ាក់​ជាដើម ដែលមាន​ពួក​សកម្មជន​ជី​ហាត កំពុង​ធ្វើ​សកម្មភាព​យ៉ាង​ខ្លាំងក្លា​។ ជាមួយគ្នានេះដែរ ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក លោក អូ​បា​ម៉ា បាន​ប្តេជ្ញា​ថា​នឹង​បង្កើន​ចំនួន​ជនអន្តោប្រវេសន៍​រហូត​ដល់​៨៥​ពាន់ ទៅ​១០០​ពាន់​នាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​៕​