(សេអ៊ូល)៖ កូរ៉េខាងជើង បានបាញ់សាកល្បងគ្រាប់មីស៊ីល ពីនាវាមុជទឹករបស់ខ្លួន នៅថ្ងៃសៅរ៍នេះ ប៉ុន្តែត្រូវបរាជ័យទៅវិញ ដោយពុំមានរបាយការណ៍ណាមួយបញ្ជាក់ថា គ្រាប់មីស៊ីលត្រូវបានបាញ់ចេញពីនាវា មិនទទួលបានជោគជ័យនោះឡើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

រដ្ឋាភិបាលកូរ៉េខាងត្បូង បាន​ឲ្យដឹងថា ពុំមានរបាយការណ៍ណាមួយបង្ហាញអំពីគ្រាប់មីស៊ីលត្រូវបានបាញ់ទៅលើអាកាសនោះឡើយ ដោយលើកឡើងត្រឹមតែអំពី​បំណែកនៃគម្របគ្រាប់តែប៉ុណ្ណោះ ហេតុនេះ វាច្បាស់ណាស់ថា ការបាញ់សាកល្បងនេះមិនទទួលបានជោគជ័យនោះទេ។

សូមជម្រាបថា ប្រទេសកុម្មុយនីសមួយនេះ ទើបតែបាញ់សាកល្បងគ្រាប់មីស៊ីលរបស់ខ្លួន កាលពីខែមិនាកន្លងទៅនេះ ដោយរដ្ឋាភិបាលក្រុង ព្យុងយ៉ាង បានអួតថា ទទួលបានជោគជ័យ ប៉ុន្តែពុំ​មានព័ត៌មានឯករាជ្យណាមួយបញ្ជាក់ពីភាពជោគជ័យនេះនោះទេ៕