(ម៉ូស្គូ)៖ ការបាញ់ទម្លាក់យន្តហោះចម្បាំង១គ្រឿង របស់រុស្ស៊ី ដោយយន្តហោះចម្បាំងតួកគី គឺជា «សកម្មភាពឧក្រិដ្ឋ» ដោយចេតនា របស់រដ្ឋាភិបាល Ankara ហើយរុស្ស៊ី មានសិទ្ធិក្នុងការតបតដោយកម្លាំងយោធា នេះបើតាមសម្តីមន្ត្រីជាន់ខ្ពស់មួយរូបរបស់រុស្ស៊ី ចេញផ្សាយដោយព័ត៌មាន Xinhua នៅថ្ងៃទី២៨ ខែវិច្ចិកា ឆ្នាំ២០១៥នេះ។

«​វាគឺជាឧក្រិដ្ឋកម្មគ្រោងទុកជាមួយ ដោយថ្នាក់ដឹកនាំរបស់តួកគី ហើយវាគឺជាឃាតកម្មគ្រោងទុកជាមុន មកលើកងទាហានរបស់យើង ហើយសកម្មភាពនេះ ត្រូវតែទទួលរងការដាក់ទោស» នេះបើតាមសម្តីលោក Sergey Naryshkin ប្រធានក្រុមប្រឹក្សាសភារុស្ស៊ី បានឲ្យដឹងនៅក្នុងកិច្ចសម្ភាសន៍ ជាមួយនឹងស្ថានីយ៍ទូរទស្សន៍មួយ របស់ប្រទេសប៊ុលហ្គារី។

យោធាតួកគី បានបាញ់ទម្លាក់យន្តហោះចម្បាំងមួយគ្រឿង ប្រភេទ Su-24 របស់រុស្ស៊ី កាលពីថ្ងៃអង្គារ ដោយបានចោទប្រកាន់ថា បានរំលោភដែនអាកាសរបស់ខ្លួន ហើយប្រងើយកន្តើយនឹងការព្រមាន របស់តួកគី ខណៈភាគីរុស្ស៊ីបានច្រានចោល នូវការអះអាងបែបនេះ​។ លោក Naryshkin បន្ថែមថា ការឆ្លើយតបពីផ្នែកមួយរបស់រុស្ស៊ី នឹងត្រូវបានធ្វើឡើង ស្របទៅនឹងច្បាប់អន្តរជាតិ ហើយរុស្ស៊ី មានសិទ្ធិក្នុងការតបត ដោយកម្លាំងយោធា ដោយលោកបញ្ជាក់ថា រុស្ស៊ីបានដាក់ពង្រាយ ប្រព័ន្ធការពារគ្រាប់ម៉ីស៊ីល ប្រភេទ S400 Triumph​ នៅមូលដ្ឋានទ័ព Hmeimim ក្នុងប្រទេសស៊ីរីផងដែរ។

រុស្ស៊ីនឹងតបតទៅវិញ ដោយការប្រឆាំងផ្នែកសេដ្ឋកិច្ច ទៅកាន់តួកគី ខណៈតួកគីបានបំផ្លាញ មិនអាចកែប្រែវិញបាន នូវទំនាក់ទំនងទ្វេរភាគី រវាងប្រទេសទាំងពីរ៕