(​ញ៉ូវ​ដេលី​)៖ រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា លោក Manohar Parrika នឹង​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក នៅ​សប្តាហ៍​នេះ ក្នុង​គោលបំណង​ជម្រុញ​ទំនាក់ទំនង​ទ្វេភាគី​លើ​វិស័យ​យោធា នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ិនហួ ចេញផ្សាយ​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។
​ប្រភព័ត៌មាន​បានឲ្យដឹង​ថា រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ នឹង​ធ្វើដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក​នៅ​ថ្ងៃទី​០៤ ខែ​ធ្នូ ហើយ​ត្រឡប់​មក​វី​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥​ខាងមុខ​។ 
​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក​ធ្វើ​កិច្ច​ជំនួប​ជាមួយ​សម​ភាគី​សហរដ្ឋ​អាមេរិក លោក Ashton Carter ព្រមទាំង​ធ្វើការ​ត្រួតពិនិត្យ​ឡើងវិញ​ទៅលើ​ទំនាក់ទំនង​ផ្នែក​បច្ចេកវិទ្យា និង​វិស័យ​ការពារ​ជាតិ​រវាង​ភាគី​ទាំងពីរ​។
​ប្រភព​ដដែល​បានឲ្យដឹងថា ការត្រួតពិនិត្យ​ទៅលើ​វិស័យ​អាទិភាព​ទាំងនេះ ជា​ជំហាន​ដ៏​សំខាន់​ឆ្ពោះទៅរក​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ដើម្បី​ធ្វើ​ការអភិវឌ្ឍន៍ និង​ជម្រុញ​បច្ចេកវិទ្យា​យោធា​ជំនាន់​ថ្មី​រួមគ្នា​៕