(​អ៊ីរ៉ាក់​)៖ សមាជិកសភា និង​ជា​អតីត​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អ៊ីរ៉ាក់ លោក Mowaffak al Rubaie បាន​ថ្លែងឲ្យដឹងថា ក្រុម​ឧទ្ទាម ISIS រក​ចំណូល​បាន​រាប់​លាន​ដុល្លារ​អាមេរិក តាមរយៈ​ការលក់​ប្រេង​ទៅ​កាន់​ទីផ្សារ​ងងឹត​នៅក្នុង​ប្រទេស​តួ​ក​គី ហើយ​លោក​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រុម​ភេរ​វករ​ដែល​រងរបួស​គឺ​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​តួ​ក​គី នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន RT ចេញផ្សាយ​នៅ​ថ្ងៃនេះ​។​

​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន RT លោក Mowaffak al Rubaie បានឲ្យដឹងថា នៅក្នុង​រយៈពេល ៨​ខែ​ចុងក្រោយ​នេះ ក្រុម ISIS រកចំណូលបាន ៨០០​លាន​ដុល្លារ​អាមេរិក ពី​ការលក់​ប្រេង​ទៅ​កាន់​ទីផ្សារ​ងងឹត​នៅក្នុង​ប្រទេស​តួ​ក​គី ដែល​ប្រេង​ទាំងនោះ ត្រូវបាន​ក្រុម ISIS ប្រមូល​មក​ពី​តាម​បណ្ដា​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​មាន​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ អ៊ីរ៉ង់ និង​ស៊ី​រី ដោយ​តម្លៃ​ប្រេង​គឺ​ស្មើនឹង ៥០​ភាគរយ​នៃ​តម្លៃ​ប្រេង​អន្តរជាតិ​។​

​អ្វី​ដែល​អស្ចារ្យ​ជាងនេះទៅទៀត​នោះ​គឺថា រដ្ឋាភិបាល​តួ​ក​គី​បានដឹង​ច្បាស់លាស់​ពី​ប្រតិបត្តិ​ការលក់​ប្រេង​របស់​ក្រុម ISIS នេះ ប៉ុន្តែ​ពួកគេ​ហាក់​ធ្វើ​មិនដឹង ព្រោះ​វា​មាន​ប្រយោជន៍​ដល់​តួ​ក​គី​ច្រើន​ផង​ដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រេង​គឺជា​ប្រភព​ចំណូល​ធំ​បំផុត​សម្រាប់​ក្រុម ISIS អាចនិយាយបាន​ថា វា​គឺជា​ដង្ហើម​សម្រាប់​ក្រុម​ឧទ្ទាម​មួយ​នេះ​ផង​ដែរ​៕