(ប៊ែកឡាំង)៖ នាយសេនាធិការយោធារបស់ប្រទេសអាឡឺម៉ង់ បានឲ្យដឹងថា រដ្ឋាភិបាលក្រុងប៊ែកឡាំង ត្រូវការកម្លាំងយោធាយ៉ាងហោចណាស់ ១,២០០នាក់ ដើម្បីគាំទ្រ និងប្រើប្រាស់ជាទ័ពអាកាស និងទ័ពជើងទឹក ក្នុងការវាយកំទេចក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS ក្នុងប្រទេសស៊ីរី ដែលនេះជាផ្នែកមួយនៅក្នុងការចូលរួមក្នុងសម្ព័ន្ធមិត្តយោធា ដឹកនាំដោយសហរដ្ឋអាម៉េរិក នេះបើយោងតាមសេចក្តីរាយការណ៍របស់ ភ្នាក់ងារសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។
ជាមួយគ្នានេះដែរ ប្រទេសអាឡឺម៉ង់ គ្រោងនឹងបញ្ជូនយន្តហោះចម្បាំងពី ៤ទៅ៦គ្រឿង ដើម្បីធ្វើការស៊ើបអង្កេត ក៏ដូចជាបញ្ជូននាវាចម្បាំងដើម្បីការពារដល់នាវាផ្ទុកយន្តហោះ Charles de Gaulle របស់ប្រទេសបារាំង ដែលមានទីស្នាក់ការនៅក្នុងដែនសមុទ្រមេឌីទែរ៉ាណេ។
នាយសេនាធិការរូបនេះ លើកឡើងថា «អ្វីដែលចាំបាច់បំផុតគឺ ប្រភពព័ត៌មាន ដែលមានសារៈសំខាន់បំផុត ដើម្បីឲ្យការប្រើប្រាស់កម្លាំងយោធា ប្រកបដោយប្រសិទ្ធភាព»៕