(​សេ​អ៊ូ​ល​)៖ រដ្ឋាភិបាល​កូរ៉េខាងត្បូង នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ បាន​ដោះលែង​អ្នកទោស​ចំនួន​៥៣៨​នាក់ បន្ទាប់ពី​បាន​ត្រួតពិនិត្យ​ទៅលើ​អ្នកទោស​ទាំងនោះ នេះ​បើ​យោង​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​កូរ៉េខាងត្បូង ដកស្រង់​ដោយ​សារព័ត៌មាន Yonhap News ចេញផ្សាយ​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​

​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​បានឲ្យដឹងថា អ្នកទោស​ទាំងនោះ ភាគច្រើន​ជា​អ្នក​ដែល​បាន​ផ្តល់​គំរូ​ល្អៗ ក្នុងពេល​ជាប់​ឃុំឃាំង ឬ​អ្នក​ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ដើម្បី​ដោះស្រាយ​ជីវភាព​រស់នៅ​របស់​ខ្លួន​។
​សូមជម្រាបថា នេះ​ជា​ការដោះលែង​អ្នកទោស​ក្នុង​ចំនួន​ដ៏​ច្រើន​មួយ ដែល​ជា​ធម្មតា​មាន​ត្រឹមតែ​ពី​២០០ ទៅ​៤០០​នាក់​តែ​ប៉ុណ្ណោះ​។ រដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​ក្រុង សេ​អ៊ូ​ល បានបញ្ជាក់​ថា ការដោះលែង​នេះ​មាន​ចំនួន​ច្រើន​ជាង​ធម្មតា​ពិតមែន តែ​យ៉ាងនេះក្តី ក្រសួង​មិន​មាន​បំណង​ធ្វើ​កំណែទម្រង់​លើ​គោលការណ៍​ដែល​ត្រូវ​បាន​កំណត់ទុក​នាពេល​កន្លងមក​នោះ​ទេ​៕​