(​កូឡា​ឡាំ​ពួរ​)៖ ប្រទេស ម៉ាឡេស៊ី បាន​អំពាវនាវ​ប្រទេស ហ្វីលីពីន ដើម្បី​ធ្វើ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការរួម​គ្នា​កាន់តែ​ស៊ីជម្រៅ ក្នុង​គោលដៅ​បញ្ឈប់​ការគំរាមកំហែង​ពី​សំណាក់​ភេ​វរ​ករ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Channel News Asia ចេញផ្សាយ​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​

​ការអំពាវនាវ​នេះ បាន​ធ្វើឡើង បន្ទាប់​ពី​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​បានឲ្យដឹងថា ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម ហៅ​កាត់​ថា ISIS កំពុង​ព្យាយាម​ប្រមូលផ្តុំ​ក្រុម​សកម្មជន​ក្នុង​តំបន់ ក្នុងនោះ​រួម​ទាំង​ពួក​ឧទ្ទាម Abu Sayyaf ក្នុងប្រទេស ហ្វីលីពីន​ផងដែរ ដើម្បី​បង្កើត​ចលនា ISIS ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

​សូមជម្រាបថា កាលពី​ថ្ងៃ​សុក្រ​កន្លងទៅនេះ អាជ្ញាធរ​ហ្វីលីពីន បាន​ចាប់ខ្លួន​សមាជិក​ពីរ​នាក់​របស់​ក្រុម Abu Sayyaf ដែល​បាន​សារភាពថា ពួកគេ​ជា​អ្នក​ចាប់​ជម្រិត​ជនជាតិ​ម៉ាឡេស៊ី​ពីរ​នាក់ ពី​ភោជនីយ៍ដ្ឋាន​មួយ​កន្លែង​ក្នុង​រដ្ឋ Sabah ព្រមទាំង​បាន​កាត់​ក្បាល​ជនរងគ្រោះ​ម្នាក់​ថែមទៀត​ផង​៕