(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក David Cameron បានឲ្យដឹងនៅថ្ងៃចន្ទថា លោកនឹងស្នើឲ្យមានពិភាក្សារយៈពេលមួយថ្ងៃ ហើយនឹងធ្វើការបោះឆ្នោត នៅក្នុងសភា នាថ្ងៃពុធ ស្តីអំពីការវាយប្រហារតាមដែនអាកាស លើគោលដៅប្រឆាំងនឹង ក្រុមឧទ្ទាមរដ្ឋឥស្លាម (IS) នៅក្នុងប្រទេសស៊ីរី នេះបើតាមព័ត៌មាន Sky News ចេញផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥នេះ។

«ខ្ញុំជឿជាក់ថា វាកំពុងតែមានការកើនឡើង នូវការគាំទ្រពីសភា ទៅលើករណីផ្លូវច្បាប់មួយនេះ ក្នុងការឆ្លើយតបទៅនឹងសំណើរ មកពីក្រុមសម្ព័ន្ធមិត្ត ដើម្បីធ្វើសកម្មភាព ប្រឆាំងនឹងក្រុមឧទ្ទាម IS នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់» នេះបើតាមសម្តីលោក Cameron បានឲ្យដឹងយ៉ាងដូច្នេះ។ ការវាយប្រហារតាមដែនអាកាស របស់ចក្រភពអង់គ្លេស លើគោលដៅប្រឆាំងនឹងក្រុម IS ត្រូវបានកំណត់ឲ្យវាយប្រហារ តែនៅក្នុងប្រទេសអ៊ីរ៉ាក់ ប៉ុណ្ណោះ ហើយសមាជិកសភា បាននឹងកំពុងធ្វើការពិភាក្សា ថាតើគួរតែពង្រីកសកម្មភាពយោធា ទៅកាន់ប្រទេសស៊ីរីឬយ៉ាងណា។

លោក Cameron បានបញ្ជាក់ថា ទីស្នាក់ការរបស់ក្រុម IS គឺស្ថិតនៅក្នុងប្រទេសស៊ីរី «វាមិនសមហេតុផលសោះ ក្នុងការខណ្ឌចែកនូវព្រំដែន (អ៊ីរ៉ាក់-ស៊ីរី) នៅក្នុងការវាយប្រហារ ខណៈក្រុមឧទ្ទាម IS ក៏មិនទទួលស្គាល់ នូវព្រំដែនខណ្ឌចែក រវាងប្រទេសទាំងពីរនេះដែរ។ ដូចនេះវាគឺជាផលប្រយោជន៍ជាតិ វាគឺជាទង្វើដ៏ល្អដែលត្រូវធ្វើ យើងនឹងធ្វើសកម្មភាព ជាមួយនឹងក្រុមសម្ព័ន្ធមិត្ត ហើយយើងនឹងប្រុងប្រយ័ត្ន និងទទួលខុសត្រូវ លើអ្វីដែលយើងបានធ្វើ ប៉ុន្តែតាមទស្សនៈរបស់ខ្ញុំ វាគឺទង្វើដ៏ត្រឹមត្រូវមួយ ដើម្បីរក្សាប្រទេសរបស់យើង ឲ្យមានស្ថេរភាព»