(​តួ​ក​គី​)៖ តុលាការ​សិទ្ធិមនុស្ស​របស់​អឺរ៉ុប បាន​លើកឡើង​ថា តួ​ក​គី​បាន​បំពាន លើ​អនុសញ្ញា​ស្តីពី​សេរីភាព​នៃ​ការបញ្ចេញមតិ បន្ទាប់​ពី​តួ​ក​គី​បាន​បិទ​នូវ​គេហទំព័រ YouTube អស់​រយៈពេល​ជាង ២​ឆ្នាំកន្លងមក នេះ​បើ​យោង​តាម​ព័ត៌មាន AFP ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៥​។​

​តុលាការ​នៅ​រដ្ឋធានី Ankara របស់​តួ​ក​គី បាន​បិទ​ការចូល​ទៅ​កាន់​គេហទំព័រ ចែករំលែក​វីដេអូ​មួយ​នេះ ចាប់តាំងពី​ខែ​ឧសភា ឆ្នាំ​២០០៨ រហូតដល់​ខែ​ធ្នូ ឆ្នាំ​២០១០ ពាក់ព័ន្ធ​នឹង​វីដេអូ​ចំនួន​១០ ដែល​បាន​ចោទប្រកាន់ថា បាន​ប្រមាថ​ទៅ​នឹង​សម័យ​ទំនើប របស់​បិតា​ស្ថាបនិក Mustafa Kemal Ataturk កសាង​ជាតិ​របស់​តួ​ក​គី​។


«​ការបិទ​ដោយ​គ្មាន​ការអនុញ្ញាត ឲ្យចូល​ស្របច្បាប់ ទៅកាន់​គេហទំព័រ YouTube គឺ​បាន​រំលោភ​សិទ្ធិ​ក្នុង​ការទទួលបាន​ព័ត៌មាន និង​ការចែករំលែក​ដំណឹង​» នេះ​បើ​តាម​អង្គការ​សិទ្ធិ​មនុស្ស​មួយ មាន​មូលដ្ឋាន​នៅ​ទីក្រុង Strasbourg ប្រទេស​បារាំង បានឲ្យ​ដឹង​យ៉ាង​ដូច្នេះ​។ ការបិទ​គេហទំព័រ YouTube រយៈពេល​ដ៏​វែង និង​គេហទំព័រ​រាប់ពាន់​ផ្សេងទៀត​នោះ បាន​បណ្តាលឲ្យ​មាន​ការព្រួយ​បារម្ភ​យ៉ាងខ្លាំង អំពី​សេរីភាព​នៃ​ការបញ្ចេញមតិ ក្រោម​ការដឹកនាំ​របស់ អតីត​នាយករដ្ឋមន្ត្រី​តួ​ក​គី និង​ប្រធានាធិបតី នាពេល​បច្ចុប្បន្ន​គឺ​លោក Recep Tayyip Erdogan ដែល​ក្រុម​អ្នក​រិះគន់​បាន​លើកឡើង​ថា ប្រធានាធិបតី​រូបនេះ កំពុង​ពង្រីក​អំណាច​ផ្តាច់ការ​។

គួរ​ជម្រាប​ថា មុន​ពេល​គេហទំព័រ YouTube ត្រូវ​បាន​បិទ វា​គឺជា​គេហទំព័រ​មាន​ប្រជាប្រិយភាព​ជាង​គេ ចំណាត់ថ្នាក់​ទី​៥ នៅក្នុង​ប្រទេស​តួ​ក​គី​៕