(​ម៉ូស្គូ​)៖ លោក Vitaly Churkin ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការ​សហប្រជាជាតិ (UN) បាន​ថ្លែងឲ្យដឹងថា នៅពេល​នេះ​រដ្ឋាភិបាល​រុស្ស៊ី កំពុងតែ​ធ្វើ​ការងារ​ជាមួយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ដើម្បី​ទប់ស្កាត់​ការធ្វើ​ពាណិជ្ជកម្ម (​ជួញដូរ​) ប្រេង​ខុស​ច្បាប់​របស់​ក្រុម​ភេរ​វករ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន RT ចេញផ្សាយ​នៅ​ថ្ងៃនេះ​។​

​បេសកកម្ម​រុស្ស៊ី ជាមួយ UN នៅពេលនេះ​គឺ​ធ្វើយ៉ាងណា​កម្ទេច​ក្រុម​ការផ្ដល់​ហិរញ្ញប្បទាន​ដល់​ក្រុម​ភេរ​វករ ដែល​រួមមាន​ក្រុម ISIS ហើយ​គោលដៅ​ធំ​នោះ​គឺ​ធ្វើ​យ៉ាងណា​បំបាត់​ការជួញដូរ​ប្រេង​របស់​ក្រុម​ឧទ្ទាម ព្រោះ​ប្រេង​ជា​ប្រភព​ចំណូល​ដ៏​ធំ​បំផុត​របស់​ក្រុម​ឧទ្ទាម​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា រុស្ស៊ី​បាន​អះអាងថា ក្រុម​ឧទ្ទាម ISIS បាន​លក់​ប្រេង​ទៅឲ្យ​ក្រុម​ទីផ្សារងងឹត​នៅក្នុង​ប្រទេស​តួ​ក​គី ហើយ​រុស្ស៊ី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា តួ​ក​គី​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​ខ្លួន​គឺ​ដើម្បី​ការពារ​ការលក់​ប្រេង​របស់​ក្រុម ISIS ខណៈ​ដែល​ប្រធានាធិបតី​តួ​ក​គី អះអាងថា លោក​នឹង​ចុះចេញ​ពី​តំណែង បើសិនជា​រុស្ស៊ី​មាន​ឯកសារ​បញ្ជាក់​ថា តួ​ក​គី​ទិញ​ប្រេង​ពី ISIS៕​

លោក Vitaly Churkin ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការ​សហប្រជាជាតិ (UN)