(​បារាំង​)៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Barack Obama បាន​អំពាវនាវ​ឲ្យ​រុស្ស៊ី និង​តួ​ក​គី​បញ្ចប់​ជម្លោះ​រឿង​ធ្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី ហើយ​ងាក​ទៅ​ផ្ដោត​សំខាន់​លើ​ការ​កម្ចាត់​ក្រុម ISIS វិញ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ Channel News Asia នៅ​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៥​។​

​ការអំពាវនាវ​របស់​លោក Obama បាន​ធ្វើឡើង​ក្រោយពេល​ដែល​ស្ថានភាព​ជម្លោះ​រវាង​ប្រទេស​រុស្ស៊ី និង​តួ​ក​គី កាន់តែ​តានតឹង​ឡើង ក្រោយពេល​តួ​ក​គី​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី នៅ​ព្រំដែន​ស៊ី​រី ដោយ​បាន​ចោទ​ថា រុស្ស៊ី​បាន​រំលោភ​ដែនអាកាស​របស់ខ្លួន ហើយ​មកដល់ពេលនេះ តួ​ក​គី​បាន​រង​ការចោទប្រកាន់​ពី​រុស្ស៊ី​ថា បាន​ទទួល​ទិញ​ប្រេង​ពី​ក្រុម ISIS ទើប​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី រហូតដល់​មាន​ភស្ដុតាង​ជា​ច្រើន​បញ្ជាក់ថា រថយន្ត​ដឹក​ប្រេង ISIS បាន​បើក​ឆ្លងកាត់​ប្រទេស​តួ​ក​គី តែ​ការលើកឡើង​នេះ ត្រូវបាន​ប្រធានាធិបតី​តួ​ក​គី ច្រានចោល និង​អះអាង​លាឈប់​ពី​តំណែង​បើសិនជា​ដូច​ការចោទប្រកាន់​មែន​៕​