(​ប៉ា​គី​ស្ថាន​)៖ តុលាការ​ប៉ា​គី​ស្ថាន នៅថ្ងៃនេះ បានសម្រេច​កាត់ទោស​ព្យួរក​ក្រុម​សកម្មប្រយុទ្ធ​តាលី​ប៉ង​ចំនួន ៤​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ករណី​បាញ់ប្រហារ​ចូល​សាលារៀន​មួយ​កន្លែង ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​រង្គាល នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ BBC នៅ​ថ្ងៃ​ទី​០២ ខែ​ធ្នូ​។​

​សកម្មប្រយុទ្ធ​តា​លី​ប៉ង​ទាំង ៤​នាក់ (​មាន​ស្រី​ម្នាក់​) ត្រូវបាន​ចាប់ខ្លួន​ប៉ុន្មាន​ថ្ងៃ​ក្រោយ​វាយប្រហារ​សាលារៀន Army Public School ដោយ​ក្រុម​ស៊ើបអង្កេត​បាន​រក​ឃើញ​ឈ្មោះ​ភេរវ​ករទាំង​៤​នៅ​​លើ​ស៊ីត​កាត​របស់​ក្រុម​ឧទ្ទាម​ដែល​ស្លាប់​នៅក្នុង​ករណី​វាយប្រហារ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៤ ក្រុម​ឧទ្ទាម​តា​លី​ប៉ង បាន​បើក​ការវាយប្រហារ​ទៅលើ​សាលារៀន Army Public School ស្ថិត​ក្នុង​ទីក្រុង Peshawar បណ្ដាលឲ្យ​មាន​មនុស្ស​ស្លាប់​១៥០​នាក់ ក្នុងនោះ​ស្ទើរតែ​ទាំងអស់​ជា​កុមារ​៕​