(​អាមេរិក​)៖ យ៉ាងហោច​ណាស់​មនុស្ស ១៤​នាក់​បាន​ស្លាប់ និង​១៧​នាក់​ផ្សេង​ទៀត​រងរបួស បន្ទាប់ពី​ក្រុម​ខ្មាន់កាំភ្លើង​បាន​បើក​ការបាញ់ប្រហារ​ចូល​ក្នុង​មជ្ឈមណ្ឌល​ផ្ដល់​សេវាកម្ម​សង្គម​មួយ​នៅក្នុង​តំបន់ San Bernardino រដ្ឋ California សហរដ្ឋអាមេរិក នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ BBC នៅ​ថ្ងៃ​ទី​០៣ ខែ​ធ្នូ​។​

​ប៉ូលិស​ក្នុង​តំបន់​បានបញ្ជាក់​ថា ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ ១១​ថ្ងៃត្រង់​(​ម៉ោង​ក្នុង​តំបន់​) ថ្ងៃទី​០២ ខែ​ធ្នូ ដែល​បង្កឡើង​ដោយ​ក្រុម​ខ្មាន់កាំភ្លើង ត្រូវបាន​គេ​ជឿ​ថា​មាន​គ្នា​៣​នាក់​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា ក្រុម​ខ្មាន់កាំភ្លើង​បាន​ស្លៀកពាក់​ជា​ទាហាន បាន​ដើរចេញ​ពី​ក្នុង​រថយន្ត SUV ហើយ​បាន​ដើរចូល​ទៅ​ក្នុង​មជ្ឈមណ្ឌល​ផ្ដល់​សេវាកម្ម​សង្គម San Bernardino រួច​ក៏​បាន​បាញ់ប្រហារ​យក​តែ​ម្ដង​។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ គេ​នៅ​មិនទាន់​ដឹង​ថា ជា​ទង្វើ​របស់​ខាង​ណា​នោះ​ទេ ប៉ុន្តែ​វា​ត្រូវបាន​គេ​ចាត់ទុកថា ជា​អំពើ​ភេរវកម្ម​៕​