(​កាលីហ្វូ​ញ៉ា​)៖ យោងតាម​ការចេញផ្សាយ​របស់ BBC នៅ​មុន​នេះ​បន្ដិច​បានឲ្យដឹងថា ខ្មាន់កាំភ្លើង​ពីរ​នាក់ ក្នុងនោះ​មាន​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​ត្រូវបាន​ប៉ូលិស​បាន​ស្លាប់ បន្ទាប់ពី​មាន​ការបាញ់​តបត​គ្នា​អស់​រយៈពេល​ជាច្រើន​ម៉ោង​នៅ​មជ្ឈមណ្ឌល​ផ្ដល់​សេវាកម្ម​សង្គម​មួយ​នៅក្នុង​តំបន់ San Bernardino រដ្ឋ​កាលីហ្វូ​ញ៉ា សហរដ្ឋអាមេរិក​។​

​ប៉ូលិស​ក្នុង​តំបន់​បានបញ្ជាក់​ថា ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ ១១​ថ្ងៃត្រង់​(​ម៉ោង​ក្នុង​តំបន់​) ថ្ងៃទី​០២ ខែ​ធ្នូ ដែល​បង្កឡើង​ដោយ​ក្រុម​ខ្មាន់កាំភ្លើង ត្រូវបាន​គេ​ជឿ​ថា​មាន​គ្នា​៣​នាក់​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា ក្រុម​ខ្មាន់កាំភ្លើង​បាន​ស្លៀកពាក់​ជា​ទាហាន បាន​ដើរចេញ​ពី​ក្នុង​រថយន្ត SUV ហើយ​បាន​ដើរចូល​ទៅ​ក្នុង​មជ្ឈមណ្ឌល​ផ្ដល់​សេវាកម្ម​សង្គម San Bernardino រួច​ក៏​បាន​បាញ់ប្រហារ​យក​តែ​ម្ដង​។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ គេ​នៅ​មិនទាន់​ដឹង​ថា ជា​ទង្វើ​របស់​ខាង​ណា​នោះ​ទេ ប៉ុន្តែ​វា​ត្រូវបាន​គេ​ចាត់ទុកថា ជា​អំពើ​ភេរវកម្ម​៕​