(​ម៉ូស្គូ​)៖ ក្រសួង​ការពារជាតិរ​បស់​រុស្ស៊ី បាន​បង្ហាញ​ភស្ដុតាង​ពី​ការជួញដូរ​ប្រេង​ខុស​ច្បាប់​រវាង​ក្រុម​​ឧទ្ទាម ISIS និង​ក្រុម​ទីផ្សារងងឹត​នៅក្នុង​ប្រទេស​តួ​ក​គី នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ RT នៅ​ថ្ងៃ​ទី​០៣ ខែ​ធ្នូ​។​

​លោក Anatoly Antonov អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី បាន​ថ្លែងឲ្យដឹងថា មាន​ផ្លូវធំៗ​ចំនួន​៣ ​ដែល​ក្រុម​ឧទ្ទាម​បាន​ប្រើប្រាស់​សម្រាប់​ការរត់ពន្ធ​ប្រេង​ខុសច្បាប់​ចូលទៅ​ក្នុង​ប្រទេស​តួ​ក​គី ដោយ​​ក្រុម​ឧទ្ទាម​បាន​ប្រើប្រាស់​រថយន្ត​ធំ​រាប់រយ​គ្រឿង​ដើម្បី​ដឹកជញ្ជូន​ប្រេង​ពី​កន្លែង​ដែល​ខ្លួន​កាន់កាប់​​ចូល​ទៅកាន់​ប្រទេស​តួ​ក​គី ហើយ​ផ្លូវធំ​នោះ​មាន​ដូច​នៅ​ក្នុង​រូប​ខាងក្រោម​៖

​លោក Antonov បាន​បញ្ជាក់​បន្ថែម​ទៀត​ថា អ្នកទិញ​ប្រេង​ធំ​បំផុត​ពី​ក្រុម ISIS ​គឺ​មាន​ប្រភព​មក​ពី​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ី​រី ដោយ​មាន​ការជួយជ្រុំជ្រែងពី​រដ្ឋា​ភិបាល​តួក​គី ទើប​ការ​ជួញដូរ​នេះ​ប្រព្រឹត្តទៅ​បាន​យ៉ាង​រលូន​។​

​បើ​តាម​របាយការណ៍​សម្ងាត់​ដែល​ទទួលបាន​ពី​ក្រុម​ស៊ើបការណ៍​របស់​រុស្ស៊ី​បានឲ្យដឹងថា ​ក្រុម​ឧទ្ទាម​រកចំណូលបាន ៣​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ​ពី​ការលក់​ប្រេង ប៉ុន្តែ​ចាប់តាំងពី​ថ្ងៃទី​៣០ ខែ​កញ្ញា ដែល​ជា​ថ្ងៃ​រុស្ស៊ី បើក​ការវាយប្រហារ​ក្រុម ISIS នៅ​ស៊ី​រី​តាម​ដែនអាកាស​មក ​ប្រាក់ចំណូល​របស់​ក្រុម​ឧទ្ទាម បាន​ធ្លាក់​មក​នៅត្រឹម ១,៥​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ ដោយសារ​តែ​ទីតាំង​ប្រេង​មួយ​ចំនួន​ត្រូវបាន​បំផ្លាញ ​ជាពិសេស​គឺ​ក្រុម​ឧទ្ទាម​មិនសូវ​ធ្វើ​សកម្មភាព​ជួញដូរ​ប្រេង​ដូច​មុន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​រុស្ស៊ីបង្ហាញ​ភស្តុតាង​នេះ​គឺ​ដោយសារ​តែ​តួ​ក​គី​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​ខ្លួន​នៅ​ព្រំដែន​ស៊ី​រី ដោយ​ចោទ​ថា​បាន​រំលោភ​ដែន​អាកាស ប៉ុន្តែ​ការ​​បាញ់​ទម្លាក់​នេះ​ត្រូវបាន​រុស្ស៊ី​បញ្ជាក់ថា តួ​ក​គី​ធ្វើ​ដើម្បី​ការពារ​ការជួញដូរ​ប្រេង​របស់​ក្រុម​ឧទ្ទាម ​រហូត​ធ្វើ​ឲ្យ​ប្រធានាធិបតី​តួ​ក​គី អះអាង​លាឈប់​ពី​តំណែង​បើសិនជា​រុស្ស៊ី​មាន​ភស្ដុតាង​គ្រប់គ្រាន់​​បញ្ជាក់ថា ក្រុម​ឧទ្ទាម​ប្រើប្រាស់​តួ​ក​គី​ដើម្បី​ជួញដូរ​ប្រេង​៕​