(មន្ទីរបញ្ចកោណ)៖ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិអាមេរិក លោក Colonel Steve Warren បានច្រានចោលនូវភស្ដុតាងរបស់រុស្ស៊ី ដែលបង្ហាញថា តួកគីបានចូលដៃជាមួយក្រុម ISIS ក្នុងការជួញដូរប្រេង ដោយការច្រានចោលនេះត្រូវបានធ្វើឡើងក្រោយពេលដែលរុស្ស៊ីបង្ហាញភស្តុតាងជាច្រើនបន្ថែមទៀត នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី០៣ ខែធ្នូ។
លោក Warren បានបញ្ជាក់ថា រុស្ស៊ីជាសម្ព័ន្ធមិត្តដ៏ល្អរបស់អាមេរិក បើនិយាយឲ្យមែនទែនទៅគឺជា «ដៃគូរយ៉ាងខ្លាំង» ទៅលើកិច្ចសហការរួមគ្នាជាច្រើន។
លោក Anatoly Antonov អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានថ្លែងឲ្យដឹងថា មានផ្លូវធំៗចំនួន៣ ដែលក្រុមឧទ្ទាមបានប្រើប្រាស់សម្រាប់ការរត់ពន្ធប្រេងខុសច្បាប់ចូលទៅក្នុងប្រទេសតួកគី ដោយក្រុមឧទ្ទាមបានប្រើប្រាស់រថយន្តធំរាប់រយគ្រឿងដើម្បីដឹកជញ្ជូនប្រេងពីកន្លែងដែលខ្លួនកាន់កាប់ចូលទៅកាន់ប្រទេសតួកគី។
លោក Antonov បានបញ្ជាក់បន្ថែមទៀតថា អ្នកទិញប្រេងធំបំផុតពីក្រុម ISIS គឺមានប្រភពមកពីប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដោយមានការជួយជ្រុំជ្រែងពីរដ្ឋាភិបាលតួកគី ទើបការជួញដូរនេះប្រព្រឹត្តទៅបានយ៉ាងរលូន។
បើតាមរបាយការណ៍សម្ងាត់ដែលទទួលបានពីក្រុមស៊ើបការណ៍របស់រុស្ស៊ីបានឲ្យដឹងថា ក្រុមឧទ្ទាមរកចំណូលបាន ៣លានដុល្លារអាមេរិកក្នុងមួយថ្ងៃពីការលក់ប្រេង ប៉ុន្តែចាប់តាំងពីថ្ងៃទី៣០ ខែកញ្ញា ដែលជាថ្ងៃរុស្ស៊ី បើកការវាយប្រហារក្រុម ISIS នៅស៊ីរីតាមដែនអាកាសមក ប្រាក់ចំណូលរបស់ក្រុមឧទ្ទាម បានធ្លាក់មកនៅត្រឹម ១,៥លានដុល្លារអាមេរិកក្នុងមួយថ្ងៃប៉ុណ្ណោះ ដោយសារតែទីតាំងប្រេងមួយចំនួនត្រូវបានបំផ្លាញ ជាពិសេសគឺក្រុមឧទ្ទាមមិនសូវធ្វើសកម្មភាពជួញដូរប្រេងដូចមុន។
គួរបញ្ជាក់ផងដែរថា មូលហេតុដែលនាំឲ្យរុស្ស៊ីបង្ហាញភស្តុតាងនេះគឺដោយសារតែតួកគីបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ខ្លួននៅព្រំដែនស៊ីរី ដោយចោទថាបានរំលោភដែនអាកាស ប៉ុន្តែការបាញ់ទម្លាក់នេះត្រូវបានរុស្ស៊ីបញ្ជាក់ថា តួកគីធ្វើដើម្បីការពារការជួញដូរប្រេងរបស់ក្រុមឧទ្ទាម រហូតធ្វើឲ្យប្រធានាធិបតីតួកគី អះអាងលាឈប់ពីតំណែងបើសិនជារុស្ស៊ីមានភស្ដុតាងគ្រប់គ្រាន់បញ្ជាក់ថា ក្រុមឧទ្ទាមប្រើប្រាស់តួកគីដើម្បីជួញដូរប្រេង៕