(​កាលីហ្វូ​ញ៉ា​)៖ យោ​តាម​ការចេញផ្សាយ​របស់ BBC នៅ​មុន​នេះ​បន្ដិច​បានឲ្យដឹងថា ខ្មាន់កាំភ្លើង ២​នាក់ ដែល​ត្រូវបាន​បាញ់​ស្លាប់ ក្នុង​ករណី​បាញ់ប្រហារ​នៅ​មជ្ឈមណ្ឌល​ផ្ដល់​សេវាកម្ម​សង្គម ក្នុង​តំបន់ San Bernardino រដ្ឋ​កាលីហ្វូ​ញ៉ា សហរដ្ឋអាមេរិក ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​។​

​ខ្មាន់កាំភ្លើង​ទី​១ ឈ្មោះ Tashfeen Malik វ័យ ២៧​ឆ្នាំ ភេទ​ស្រី ចំណែក​ខ្មាន់កាំភ្លើង​ទី​២ ឈ្មោះ Syed Farook ដោយ​ពួកគេ​ទាំង​ពីរ​នាក់​មាន​ទំនាក់ទំនង​គ្នា ចំណែក​ខ្មាន់កាំភ្លើង​ម្នាក់ទៀត នៅ​មិនទាន់​ទទួលបាន​ព័ត៌មាន​ពី​ប៉ូលិស​ឡើយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​នៅវេលា​ម៉ោង​ប្រមាណ ១១​ថ្ងៃត្រង់​(​ម៉ោង​ក្នុង​តំបន់​) ថ្ងៃទី​០២ ខែ​ធ្នូ មាន​ក្រុម​ខ្មាន់កាំភ្លើង ត្រូវបាន​គេ​ជឿ​ថា​មាន​គ្នា​៣​នាក់ ស្លៀកពាក់​ជា​ទាហាន បាន​ដើរចេញ​ពី​ក្នុង​រថយន្ត SUV ហើយ​បាន​ដើរចូល​ទៅ​ក្នុង​មជ្ឈមណ្ឌល​ផ្ដល់​សេវាកម្ម​សង្គម San Bernardino រួច​ក៏​បាន​បាញ់ប្រហារ​យក​តែ​ម្ដង បណ្ដាលឲ្យ​មនុស្ស ១៤​នាក់​បាន​ស្លាប់ និង​១៧​នាក់​ផ្សេង​ទៀត​រងរបួស​៕​