(​ស៊ី​រី​)៖ ការវាយប្រហារ​តាម​ដែន​អាកាស លើ​រោងចក្រ​ផលិត​ទឹក​ប្រើប្រាស់​មួយកន្លែង ក្នុង​ប្រទេស​ស៊ី​រី កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន បាន​កាត់ផ្តាច់​ការផ្គត់ផ្គង់​ទឹក​ប្រើប្រាស់ ដល់​ប្រជាពលរដ្ឋ​ចំនួន ៣,៥​លាន​នាក់ ហើយ​បើ​ទោះបីជា​ផ្នែក​មួយ​ចំនួន​នៃ​ម៉ាស៊ីនបូមទឹក ត្រូវបាន​ជួសជុល​ឡើង​វិញ​ក៏​ដោយ ប៉ុន្តែ​ប្រជាជន​ប្រមាណ ១,៤​លាន​នាក់ នៅតែ​គ្មាន​ទឹក​ប្រើប្រាស់​ដដែល នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​ប្រធាន​អង្គកា​រ UNICEF នៅក្នុង​ប្រទេស​ស៊ី​រី Hanaa Singer ចេញ​ផ្សាយ​ដោយ​ព័ត៌មាន Reuters​។​

«​នៅក្នុង​ប្រទេស​ស៊ី​រី ច្បាប់​នៃ​សង្គ្រាម ក្នុងនោះ​រួម​ទាំង​អត្ថន័យ​នៃ​ការការពារ នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ផង​ដែរ ប៉ុន្តែ​វា​ត្រូវបាន​បំផ្លាញ​ជា​រៀងរាល់ថ្ងៃ​» នេះ​បើ​តាម​សម្តី​លោក Hanaa Singer បានឲ្យ​ដឹង​តាមរយៈ​របាយការណ៍​។ លោក​បន្តថា ការវាយប្រហារ​តាម​ដែន​អាកាស លើ​គោលដៅ​រោងចក្រ​ផលិត​ទឹក​ប្រើប្រាស់ al-Khafseh នៅ​តំបន់​ភាគ​ខាងជើង ទីក្រុង Aleppo កាលពី​សប្តាហ៍​មុន គឺជា​ឧទាហរណ៍​ដ៏​គួរឲ្យខ្លាច​បំផុត​៕