(​ម៉ូស្គូ​)៖ យោង​តាម​ការស្ទង់មតិ​របស់​ទីភ្នាក់ងារ​ឯករាជ Levada Center បានឲ្យដឹងថា ពលរដ្ឋ​រុស្ស៊ី ២​ភាគ​៣ បាន​ឲ្យ​លោក Vladimir Putin ធ្វើ​ជា​ប្រធានាធិបតី​រុស្ស៊ី នៅ​ឆ្នាំ​២០១៨ ដោយ​ក្នុង​នោះ​មានតែ ២០​ភាគរយ​ប៉ុណ្ណោះ ដែល​បាន​សម្រេចចិត្ត​ជ្រើសរើស​មនុស្ស​ថ្មី​មក​ជំនួស​រូបលោក នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​០៤ ខែ​ធ្នូ​។​

៥៧​ភាគរយ​នៃ​ចំនួន​មនុស្ស​ដែល​បាន​ធ្វើ​ការស្ទង់មតិ បាន​បញ្ចេញ​មតិ​ថា លោក Putin គឺជា​មនុស្ស​មួយ​ដែល​អាច​ធ្វើឲ្យ​រុស្ស៊ី​រីកចម្រើន និង​ពិភពលោក​ស្គាល់​រុស្ស៊ី ជាពិសេស​គឺ​រុស្ស៊ី ក្រោម​ការដឹកនាំ​របស់​លោក បាន​ឆ្ពោះទៅរក​ភាពល្អប្រសើរ​ជាច្រើន​ស្ទើរតែ​គ្រប់​វិស័យ ដូច្នេះ​ពួគ​គេ​ចង់​ឲ្យ​លោក Putin បន្ត​ដឹកនាំ​ប្រទេស​រុស្ស៊ី​ទៀត​។​

​ចំណែក​អ្នក​ផ្សេង​ក្រៅពីនេះ បាន​លើកឡើង​ថា លោក Putin គឺជា​មនុស្ស​ល្អ​ឥតខ្ចោះ ប៉ុន្តែ​ក៏​មិនមែន​មានន័យថា អ្នក​ថ្មី​ដែល​ឡើងកាន់​តំណែង​ក្រោយ គេ​មិន​អាច​ធ្វើបាន​ដូច​លោក​នោះទេ ផ្ទុយទៅវិញ គេ​អាច​មាន​ចំណុច​ពិសេស​ណាមួយ​ដែល​លោក Putin គ្មាន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយ​នេះ ទស្សនាវដ្ដី​ដ៏​ល្បី​របស់​អាមេរិក Forbes បាន​ឲ្យ​តម្លៃ​ទៅលើ​លោក Vladimir Putin ថា​ជា​កំពូល​បុរស​ខ្លាំង​នៅ​លើ​ពិភពលោក​៕​