(​សី​រ៉ី​)៖ ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម ISIS គំរាម​កាត់​ក្បាល​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក លោក បា​រ៉ាក់ អូ​បា​ម៉ា ព្រមទាំង​យក​សហរដ្ឋ​អាម៉េរិក​ធ្វើជា​ទឹកដី​របស់​ពួក​ម៉ូ​ស្លីម នៅ​ក្នុង​វីដេអូ​ប្រហារជីវិត​ដ៏​សាហាវ​ថ្មី​មួយទៀត នេះ​បើ​យោងតាម​សេចក្តីរាយការណ៍ របស់​ភ្នាក់ងារ​សារព័ត៌មាន Dailymail ចេញផ្សាយ​នៅ​ថ្ងៃទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​។​

​ក្នុង​វីដេអូ​នេះ បាន​បង្ហាញ​ពី​ទិដ្ឋភាព​ពួក​ជី​ហាត ពាក់​ស្រោម​មុខ​ពណ៌​ខ្មៅ ឈរ​ពីក្រោយ​យោធា Kurdish ម្នាក់​ដែល​ក្រោយមក​ត្រូវបាន គេ​កាត់​ក្បាល​។ មុន​ពេល​ប្រហារជីវិត​ចំណាប់ខ្មាំង ពួក​ឧទ្ទាម ISIS បាន​ព្រមាន​ប្រធានាធិបតី​រូបនេះ​ថា «​លោក អូ​បា​ម៉ា ត្រូវ​ដឹង​ថា យើង​នឹង​វាយប្រហារ​ទៅដល់​សហរដ្ឋ​អាម៉េរិក​»​។ «​លោក​ក៏​ត្រូវ​ដឹង​ផង​ដែរ​ថា យើង​នឹង​កាត់​ក្បាល​របស់​លោក នៅក្នុង​សេត​វិមាន ព្រមទាំង​យក​សហរដ្ឋ​អាម៉េរិក​ធ្វើជា​ដែនដី​របស់​ពួក​ម៉ូ​ស្លីម​»៕​