(ម៉ូស្គូ)៖ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​គម្រាម​បន្ថែមទៀត ក្នុង​ការដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​តួ​ក​គី បន្ទាប់ពី​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់ខ្លួន នេះ​បើ​តាម​ព័ត៌មាន​ចិន​ស៊ិនហួ ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​។

​លោក Putin បាន​ព្រមាន​តួ​ក​គី​ថា នឹង​សោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការបាញ់​ទម្លាក់​យន្តហោះ​ចម្បាំង ប្រភេទ Su-24 នៅ​ព្រំដែន​ស៊ី​រី​-​តួ​ក​គី កាលពី​សប្តាហ៍​មុន លោក​បាន​បញ្ជាក់ថា រុស្ស៊ី​បានដឹង​អំពី​ការធ្វើ ពាណិជ្ជកម្ម​ប្រេង​ខុសច្បាប់ របស់​រដ្ឋាភិបាល​ទីក្រុង Ankara របស់​តួ​ក​គី ជាមួយនឹង​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម (IS)​។​

«​យើង​ដឹង​ថា​អ្នកណា នៅក្នុង​ប្រទេស​តួ​ក​គី ដែល​កំពុង​យក​ប្រយោជន៍​ចូល​ហោប៉ៅ ហើយ​កំពុង​អនុញ្ញាត​ឲ្យ​ក្រុម​ភេរវកម្ម ដើម្បី​ទទួលបាន​ប្រយោជន៍ ពី​ការ​ប្លន់​ប្រេង​ចេញពី​ប្រទេស​ស៊ី​រី​។ ប្រាក់​នៃ​ការជួញដូរ​ប្រេង​នេះហើយ ដែល​ក្រុម​ឧទ្ទាម​យកទៅ​ជួល​ក្រុម​សកម្ម​ប្រយុទ្ធ​, ទិញ​អាវុធ និង​រៀបចំ​ការវាយប្រហារ ដោយ​ឥត​មនុស្សធម៌ ប្រឆាំងនឹង​ប្រជាពលរដ្ឋ​របស់​យើង​» នេះ​បើ​តា​សម្តី​លោក Putin បានឲ្យ​ដឹង​យ៉ាង​ដូច្នេះ​។​

​គួរ​ជម្រាប​ថា នៅក្នុង​ហេតុការណ៍ បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី អ្នកបើកបរ​ម្នាក់​ត្រូវបាន​សម្លាប់ ហើយ​រហូត​មកដល់ពេលនេះ ត្រូវ​បាន​បញ្ចុះ​នៅ​ស្រុកកំណើត​ហើយ​៕