(​វ៉ាស៊ីនតោន​)៖ រូបភាព​ផ្កាយរណប​បង្ហាញ​កាលពី​ខែ​តុលា និង​វិច្ឆិកា បានបង្ហាញ​ថា កូរ៉េខាងជើង​កំពុង​ជីក​រូង ឬ​ផ្លូវ​ក្រោម​ភ្នំ​ថ្មី​មួយ សម្រាប់​ការសាកល្បង​បាញ់​អាវុធ​នុយក្លេអ៊ែ ប៉ុន្តែ​គិត​មកដល់​ថ្ងៃនេះ មិន​មាន​សញ្ញា​ណាមួយ​បង្ហាញថា ការ​ធ្វើ​សាកល្បង​នោះ​ត្រូវបាន​ធ្វើឡើង​ឡើយ នេះ​បើ​តាម​វិទ្យាស្ថាន​ស្រាវជ្រាវ​របស់​អាមេរិក​មួយ និង​ត្រូវ​ចុះផ្សាយ​របស់​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​០៤ ខែ​ធ្នូ​។​

​នៅក្នុង​របាយការណ៍​ដែល​ចេញផ្សាយ​របស់​គេហទំព័​រ 38 North និង​គ្រប់គ្រង​ដោយ​សក​វិទ្យាល័យ Johns Hopkins បានឲ្យដឹងថា តាំងពី​ខែ​មេសា​មក នៅ​តំបន់ Punggye-ri ស្ថិត​នៅ​ឆ្នេរ​ភាគ​ខាងកើត​នៃ​ប្រទេស​កូរ៉េខាងជើង ជា​កន្លែង​ដែល​ធ្លាប់​មាន​ការសាកល្បង​នុយក្លេអ៊ែ បី​ដង​រួចមកហើយ​។​

​នៅក្នុង​រូបភាព​បានបង្ហាញ​ថា មាន​ការជីក​ផ្លូវ​ក្រោម​ដី​ថ្មី ចំនួន​៣​កន្លែង ដោយ​តាម​ការ​ស​ន្ម​ត់ វា​គឺជា​កន្លែង​ទុក​សម្រាប់​សាកល្បង​អាវុធ​នុយក្លែអ៊ែ​រ ប៉ុន្តែ​មក​ដល់ពេលនេះ​គឺ​មិន​បាន​ឃើញ​កូរ៉េខាងជើង​បាញ់​សាកល្បង​ឡើយ​។​

​កាលពី​ថ្ងៃ​ទី​៣០ ខែតុលា​កន្លងទៅនេះ ទីភ្នាក់ងារ​ព័ត៌មាន​យ៉ុន​ហា​ប បាន​ចុះផ្សាយ​ដោយ​ស្រង់​សំដី​របស់​មន្ត្រី​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បួងថា កូរ៉េខាងជើង​កំពុង​ជីកដី​ធ្វើ​រួង​ក្រោយដី ព្រោះ​តាម​រយៈ​រូបភាព​ផ្ដាយ​រ​បណ​បានបង្ហាញ​រថយន្ត​ដឹក​ដី​ជាច្រើន​គ្រឿង​បាន​ធ្វើ​ដំណើរ​ចុះ​ឡើង​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​អាវុធ​នុយក្លែអ៊ែ​រចុង​ក្រោយ​នៅ​កាលពី​ឆ្នាំ​២០១៣ ហើយ​ត្រូវបាន​ពិភពលោក​ថ្ដោលទោស​យ៉ាង​ចាស់ដៃ​៕​