(​លី​បង់​)៖ លោក Abdul Halim al-Attar វ័យ​៣៣​ឆ្នាំ ជា​ជនភៀសខ្លួន​ស៊ី​រី ដែល​ដើរ​លក់​ប៊ិច​តាម​ដងផ្លូវ នៅក្នុង​ទីក្រុង Beirut ដោយ​ដៃ​ម្ខាង​ឱប​កូនស្រី​នឹង​ស្មា ហើយ​ត្រូវបាន​គេ​ថត បង្ហោះ​ពេញ​បណ្ដាញ​សង្គម នៅពេលនេះ លោក​បាន​បើក​ហាង​ផ្ទាល់ខ្លួន ព្រមទាំង​ជួយ​ដល់​ជនភៀសខ្លួន​ស៊ី​រី​ឯ​ទៀត ឲ្យមាន​ការងារ​ធ្វើ​ទៀតផង​។​

​រូបថត​ប៉ុន្មាន​សន្លឹក ដែល al-Attar ដើរ​លក់​ប៊ិច​ទាំង​កណ្ដាល​ថ្ងៃ​ក្ដៅ ហើយ​កូនស្រី​ដេក​លង់លក់​នៅ​ស្មា ជាមួយនឹង​ទឹកមុខ​ដ៏​គួរឲ្យ​អាណិត​បំផុត​នោះ ត្រូវបាន​អ្នកកាសែត និង​ជា​អ្នក​អភិវឌ្ឍន៍ គេហទំព័រ​នៅក្នុង​ប្រទេសន័​រវេស ឈ្មោះ Gissur Simonarson បាន​យក​ទៅ​បង្ហោះ និង​បង្កើត​គណនី Twitter មួយ​ដែល​មានឈ្មោះ​ថា «@buy_pens» និង​បាន​បង្កើត​យុទ្ធនាការ​ឃោសនា រៃ​អង្គាស​ប្រាក់​សម្រាប់​គ្រួសារ al-Attar​។​

៣​ខែ​ក្រោយ​មក គណនី «@buy_pens» ត្រូវ​បាន​បិទ ដោយ​ប្រមូល​បាន​ប្រាក់ ១៨៨.៦៨៥​ដុល្លារ​អាមេរិក ដូច្នេះ​ហើយ​លោក al-Attar ក៏​បាន​យក​ប្រាក់​នោះ​ទៅ​បើក​ហាង​លក់​នំប៉័ង ហាង​លក់​សាច់​អាំង និង​ភោជនី​ដ្ឋា​នតូ​ចមួយ​នៅ​ជាប់​គ្នា ក្នុង​ទីក្រុង Beirut ប្រទេស​លី​បង់ ដោយ​លោក​បាន​ជួញ​ដល់​ជនភៀសខ្លួន​ស៊ី​រី ១៦​នាក់​ទៀត​ឲ្យធ្វើ​ការងារ នៅ​ហាង​របស់លោក​។​

​ការផ្លាស់ប្ដូរ​ជីវិត​នេះ បាន​ធ្វើឲ្យ al-Attar រួម​នឹង​កូនស្រី Reem មាន​សេចក្ដីត្រេកអរ​យ៉ាងខ្លាំង ហើយ​ពួកគេ​សន្យាថា នឹង​ព្យាយាម​ជួយ​ដល់​ជនភៀសខ្លួន​ដទៃទៀត តាម​លទ្ធភាព​ដែល​អាច​ធ្វើទៅបាន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា al-Attar និង​ជនភៀសខ្លួន​ស៊ី​រី ១៦​នាក់​នេះ ពិតជា​មាន​សំណាង​ណាស់ ដែល​ទទួលបាន​ការងា​រ និង​ពន្លឺ​នៃ​ជីវិត​ថ្មី ខណៈ​ដែល​ជនភៀសខ្លួន​ស៊ី​រី ១,២​លាន​នាក់​ផ្សេងទៀត គ្មាន​ការងារ​ធ្វើ និង​ទីលំនៅ​ច្បាស់លាស់ ហើយ​មូលហេតុ​ទាំងនេះ គឺ​បណ្ដាល​មក​ពី​សង្គ្រាម​ស៊ីវិល ដែល​កើតមាន​នៅក្នុង​ប្រទេស​ស៊ី​រី អស់​រយៈពេល​៤​ឆ្នាំ​មកហើយ​៕​