(​បាងកក​)៖ ប៉ូលិស​ថៃ បានបញ្ជាក់ និង​អះអាងថា ពិតជា​ទទួលបាន​ឯកសារ​សម្ងាត់​មួយ​ពី​រដ្ឋាភិបាល​រុស្ស៊ី ពាក់ព័ន្ធ​នឹង​វត្ត​មាន​ក្រុម ISIS នៅលើ​ទឹកដី​ថៃ ដែល​វត្តមាន​នេះ​គឺ​ជា​ការគំរាមកំហែង​ថ្មី​មួយ​សម្រាប់​ប្រទេស​ថៃ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Channel News Asia ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី​០៤ ខែ​ធ្នូ​។​

«​ខ្ញុំ​អាច​បញ្ជាក់បាន​ថា សំបុត្រ​ដែល​បែកធ្លាយ​នោះ​គឺ​ជា​ការពាតិ​»​។ នេះ​ជា​សំដី​របស់​លោក​វរ​សេ​នី Krisana Pattanacharoen អ្នកនាំពាក្យ​របស់​ប៉ូលិស​ថៃ​។​

​នៅមុននេះ បណ្ដា​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះផ្សាយ​ថា ពលរដ្ឋ​ស៊ី​រី​ប្រមាណ​ជា ១០​នាក់ ដែល​ត្រូវបាន​គេ​ជឿជាក់ថា​ជា​បណ្ដាញ​របស់​ក្រុម​ឧទ្ទាម ISIS បាន​ចូល​ទៅ​ដល់​ប្រទេស​ថៃ​តាំងពី​ខែ​តុលា ដោយ​គោលបំណង សំដៅ​វាយប្រហារ​ទីតាំង និង​កន្លែង​ផ្សេងៗ​ដែល​ជា​កម្មសិទ្ធិ​របស់​ប្រទេស​រុស្ស៊ី​នៅក្នុង​ប្រទេស​ថៃ​។​

​រុស្ស៊ី​បាន​សង្កត់ធ្ងន់​នៅក្នុង​ឯកសារ​សម្ងាត់​នោះ​ថា ជនជាតិ​ស៊ី​រី​ប្រមាណ ១០​នាក់​បាន​ចូល​ទៅ​កាន់​ប្រទេស​ថៃ​នៅ​ចន្លោះ​ថ្ងៃទី​១៥-៣១​ខែតុលា ដោយ​មាន​ជនសង្ស័យ ៤​នាក់​បស​ន​ធ្វើដំណើរ​ទៅ​កាន់​តំបន់​សមុទ្រ Pattaya, មាន​២​នាក់​ទៀត​បាន​ធ្វើដំណើរ​ទៅ​កាន់​កោះ Phuket, ២​នាក់​ទៀត​ទៅ​កាន់​ទីក្រុង​បាងកក ចំណែក​ជនសង្ស័យ​ពីរ​នាក់​ផ្សេង​ទៀត​មិនដឹង​ទិសដៅ​ច្បាស់​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា រុស្ស៊ី​បានចាប់ផ្ដើម​បើក​ការវាយប្រហារ​កម្ទេច​ក្រុម ISIS នៅក្នុង​ប្រទេស​ស៊ី​រី កាលពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា​៕​