(​ទីក្រុង​ឡុង​ដ៍​)៖ ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម ISIS បានឲ្យដឹងថា ចក្រភព​អង់គ្លេស​នឹង​ក្លាយ​ជា​គោលដៅ​វាយប្រហារ​របស់​ខ្លួន ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ នេះ​បើ​យោង​តាម​ការព្រមាន​ពី​សំណាក់​អ្នកជំនាញ​ផ្នែក​សន្តិសុខ ដកស្រង់​ដោយ​សារព័ត៌មាន Daily mail ចេញផ្សាយ​នៅ​ថ្ងៃទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​។​

​ប្រភព​ដដែល​បានឲ្យដឹងថា ពួក​ជី​ហាដ​ដែល​មាន​ដើមកំណើត​នៅ​ចក្រភព​អង់គ្លេស ដែល​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ស៊ី​រី ដើម្បី​ចូលរួម​ជាមួយ​ក្រុម​ជ្រុលនិយម បាន​ទទួល​បន្ទុ​កឲ្យវិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ដើម្បី​ធ្វើ​ការវាយប្រហារ​ចក្រភព​អង់គ្លេស ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ ដែល​ការវាយប្រហារ​នេះ មាន​លក្ខណៈ​ដូច​គ្នា​នឹង​ការវាយប្រហារ​នៅ​ទីក្រុង​ប៉ារីស​ដែរ​។​

​ភ្នាក់ងារ​សន្តិសុខ​អឺរ៉ុប បាន​រាយការណ៍​ថា ពួកគេ​បាន​ទទួល​នូវ​ព័ត៌មាន​ពី​ការ​ស៊ើបការណ៍​យ៉ាងច្បាស់​ថា ចក្រភព​អង់គ្លេស បាន​ស្ថិតនៅក្នុង​បញ្ជី​នៃ​ការ​គោលដៅ​វាយប្រហារ​លើក​ក្រោយ ដែល​ហានិភ័យ​ខ្ពស់​នេះ បាន​កើតឡើង​បន្ទាប់ពី​សភា​ជាន់​ទាប​របស់​អង់គ្លេស សម្រេច​យល់ព្រម​ចូលរួម​ក្នុង​ការវាយប្រហារ​ប្រឆាំង​ពួក​ឧទ្ទាម ISIS នៅក្នុង​ប្រទេស​ស៊ី​រី​៕​