(​អា​ស៊ែ​បៃ​ហ្ស​ង់​)៖ ខណៈ​កំពុង​ធ្វើ​ដំណើរ​ទស្សនកិច្ច នៅក្នុង​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ នាយករដ្ឋមន្ត្រី​តួ​ក​គី លោក Ahmet Davutoglu នៅ​ថ្ងៃ​សុក្រ​នេះ បាន​ជំរុញ​ឲ្យ​រុស្ស៊ី កាត់បន្ថយ​នូវ​ភាព​តានតឹង រវាង​តួ​ក​គី​និង​រុស្ស៊ី ដែល​បាន​នឹង​កំពុង​កើនឡើង បណ្តាលមកពី​ការបាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ដោយ​កងទ័ពអាកាស​តួ​ក​គី នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ិនហួ ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៥​។​

​លោក Davutoglu បន្តថា តួ​ក​គី​តែងតែ​ផ្សារភ្ជាប់​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយ​រុស្ស៊ី ហើយ​បាន​នឹង​កំពុង​ជំរុញ​ឲ្យ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ដោះស្រាយ​ឡើងវិញ​នូវ​បញ្ហា​ជម្លោះ ពាក់ព័ន្ធ​នឹង​ការបាញ់​ទម្លាក់​យន្តហោះ តាមរយៈ​មធ្យោបាយ​ការទូត​។ លោក​បន្ត​ទៀត​ថា តួ​ក​គី​មិន​ដែល​មាន​បំណង ក្នុង​ការបង្កើន​ស្ថានភាព​តានតឹង​នោះ​ទេ ពាក់ព័ន្ធ​នឹង​ការបាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី ហើយក៏​មិន​សុំ​អភ័យទោស ចំពោះ​រុស្ស៊ី​ពាក់ព័ន្ធ​នឹង​ការបាញ់​ទម្លាក់​នេះដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី​រូបនេះ បាន​បញ្ជាក់ទៀតថា «​ទណ្ឌកម្ម​របស់​រុស្ស៊ី ប្រឆាំង​នឹង​តួ​ក​គី មិនបាន​ធ្វើឲ្យ​ប្រទេស​របស់​យើង​ធ្លាក់​ចុះ​នោះ​ទេ​...​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ គឺ​គួរតែ​បើកផ្លូវ​ការទូត ដើម្បី​ដោះស្រាយ​ឡើងវិញ លើ​វិបត្តិ​នេះ ជំនួស​លើ​ការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​តួ​ក​គី​»៕​