(​លី​ប៊ី​)៖ ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម កំពុង​ហ្វឹកហាត់​ធ្វើជា​អ្នកបើកបរ​យន្តហោះ​នៅ​មូលដ្ឋាន​ទ័ពអាកាស​ក្នុងប្រទេស លី​ប៊ី ដោយ​ប្រើប្រាស់​យន្តហោះ​ខ្នាត​តូច ដែល​នៅ​សេសសល់​ពី​របប​លោក Qaddafi ហើយ​អ្នកជំនាញ​បានបង្ហាញ​ក្តីបារម្ភ​ថា ក្នុងនោះ​យន្តហោះ​យ៉ាងហោចណាស់​មួយ​គ្រឿង ដែល​ពួកគេ​អាច​ប្រើប្រាស់ សម្រាប់​ធ្វើ​ការវាយប្រហា​រ​តាម​ដែនអាកាស​នៅ​អឺរ៉ុប នេះ​បើ​យោង​តាម​ការលើកឡើងរ​បស់​អ្នកវិភាគ​ក្នុង​តំបន់​ដកស្រង់​ដោយ​សារព័ត៌មាន Fox News ចេញផ្សាយ​នៅ​ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​។​

​អ្នកជំនាញ​ផ្នែក​កិច្ចការ​នៅ​អាហ្វ្រិក​ខាងជើង​លោក Col.Jacques Neriah បាន​លើកឡើង​ថា​«​យើង​ដឹង​ថា ក្រុម​ឧទ្ទាម​ជី​ហាត ព្យាយាម​គ្រប់​មធ្យោបាយ​ដើម្បី​វាយប្រហារ​លោកខាងលិច ហើយ​ប្រសិនបើ​គេ​អាច​បំផ្ទុះ ធ្វើ​អត្តឃាត​ខ្លួនឯង​ក្នុង​រថយន្ត ជា​ការពិត​ពួកគេ​ក៏​អាច​ធ្វើ​សកម្មភាព ដោយ​ប្រើប្រាស់​យន្តហោះ ដូចគ្នា នេះ​មិនមែន​ជា​រឿង​ចម្លែក​ពេក​នោះ​ទេ​។ នេះ​ជា​មធ្យោបាយ​មួយ​ដែល​នៅក្នុង​គំនិត​របស់​ពួកគេ គេ​ធ្វើ​គ្រប់យ៉ាង ក្នុង​គោលដៅ​បង្ក​ការវាយប្រហារ​យ៉ាង​សាហាវ​បំផុត​តាម​ដែល​អាច​ធ្វើទៅបាន​»៕​