(​វ៉ាស៊ីនតោន​)៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក បា​រ៉ាក់ អូ​បា​ម៉ា បាន​ប្ដេជ្ញា​ថា​នឹង «​កម្ទេច​» ក្រុម ISIS ដោយ​បាន​លើកឡើង​ថា ពួក​នេះ​គឺជា​អ្នកប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ជា​ឃាតករ​ដ៏​សាហាវ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន BBC នៅ​ថ្ងៃ​ទី​០៧ ខែ​ធ្នូ​។​

«​ការគំរាមកំហែង​ពី​អំពើ​ភេរវកម្ម​គឺជា​ការ​ពិត​ប្រាកដ ប៉ុន្តែ​យើង​នឹង​អាច​យកឈ្នះ​លើ​វា​»​។ នេះ​ជា​សំដី​របស់​លោក អូ​បា​ម៉ា ដែល​បាន​ថ្លែង​តាមរយៈ​កញ្ចក់​ទូរទស្សន៍​ដ៏​កម្រ​មួយ ដែល​មាន​ការផ្សាយ​ផ្ទាល់​ចេញពី​សេត​វិមាន​តែ​៣​ប៉ុស្ដិ៍​ប៉ុណ្ណោះ​។​

​អ្វី​ដែល​ធ្វើឲ្យ​ពលរដ្ឋ​អាមេរិក​ភ្ញាក់ផ្អើល​នោះ​គឺ​លោក​ប្រធានាធិបតី​បាន​អះអាង​ថា​៖ «​យើង​នឹង​កម្ទេច​ក្រុម ISIL និង​ក្រុម​ឧទ្ទាម​ផ្សេងទៀត​ដែល​ព្យាយាម​ធ្វើបាប​យើង​»​។ សំដី​នេះ​គឺ​ស​បញ្ជាក់ថា អាមេរិក​នឹងមាន​ចំណាត់ការ​ឆាប់ៗ​ក្នុង​ការកម្ទេច​ក្រុម ISIS​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ប៉ុន្មាន​ថ្ងៃមុន​នេះ ខ្មាន់កាំភ្លើង​ពីរ​នាក់​ប្ដី​ប្រពន្ធ បាន​បើក​ការវាយប្រហារ​ទៅលើ​មជ្ឈមណ្ឌល​ផ្ដល់​សេវាកម្ម​សាធារណៈ​មួយ​កន្លែង​ក្នុង​រដ្ឋ​កាលីហ្វូ​ញ៉ា ដែល​បណ្ដាលឲ្យ​មនុស្ស​១៤​នាក់​ស្លាប់ និង​២១​នាក់​រងរបួស ហើយ​ក្រោយមក ក្រុម ISIS បាន​អះអាង​ថា ខ្មាន់កាំភ្លើង​ពីរ​នាក់​នោះ​គឺជា​អ្នកគាំទ្រ​ក្រុម ISIS ហើយ​អនុវត្ត​តាម​បញ្ជា​៕​