(NATO)៖ អគ្គលេខាធិការ​អង្គការ​ណា​តូ (NATO) លោក Jens Stoltenberg បាន​ប្រាប់​កាសែត​ស្វ៊ី​ស​ថា ណា​តូ នឹង​មិន​បញ្ជូន​កងកម្លាំង​ទៅ​ប្រឆាំង​ជាមួយ​ក្រុម ISIS នៅក្នុង​ប្រទេស​ស៊ី​រី​នោះទេ ខណៈ​ដែល​បណ្ដា​ប្រទេស​ធំៗ​ជាច្រើន​បាន​សម្រេច​បញ្ជូន​ទ័ព​ទៅ​កម្ទេច​ក្រុម ISIS នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Channel News Asia ចេញផ្សាយ​នៅ​ថ្ងៃទី​០៧ ខែ​ធ្នូ​។​

«​វា​មិន​នៅ​ក្នុង​របៀបវារៈ​នៃ​ក្រុមចម្រុះ និង​សម្ព័ន្ធមិត្ត​អង្គការ​ណា​តូ​»​។ នេះ​ជា​សំដី​របស់​លោក Stoltenberg បាន​ថ្លែង​ប្រាប់​សារ​កាសែត​ស្វ៊ី​ស Tages-Anzeiger​។​

​លោក Stoltenberg បាន​សង្កត់ធ្ងន់​ទៀត​ថា ប្រតិបត្តិការ​កម្ចាត់​ក្រុម ISIS វា​មិនមែន​ជា​សង្គ្រាម​រវាង​លោកខាងលិច និង​ពិភព​អ៊ីស្លាម​នោះទេ ប៉ុន្តែ​វា​ជា​ការប្រឆាំង​ទៅ​នឹង «​ភាពជ្រុលនិយម និង​អំពើ​ភេរវកម្ម​»​។ ពិភពលោក​គួរតែ​គិត​ឡើង​វិញ​ម្ដងទៀត ជនរងគ្រោះ​ភាគ​ច្រើន​ជាង​ជនជាតិ​ម៉ូ​ស្លីម ហើយ​អ្នក​ដែល​ចេញ​មុខ​កម្ទេច​ក្រុម ISIS ក៏​ជា​ជនជាតិ​ម៉ូ​ស្លីម​៕