(​កាវ​)៖ អនុ​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក លោក Joe Biden នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​បាន​ថ្លែងថា អ៊ុ​យក្រែន មាន​កិច្ចការ​លំបាក​ជាច្រើន​ទៀត ដែល​ត្រូវ​ធ្វើ​លើ​ការកែទម្រង់ ស្របពេល​ដែល​លោក​បាន​ប្រកាស​ផ្តល់​នូវ​ជំនួយ​ហិរញ្ញវត្ថុ​ថ្មី​មួយ ទៅកាន់​អ៊ុ​យក្រែន ជាមួយនឹង​ទឹកប្រាក់ ១៩០​លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក សម្រាប់​ការប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ និង​ការផ្សព្វផ្សាយ​ពី​ការិយាល័យ​ធិបតេយ្យ នេះ​បើ​តាម​ព័ត៌មាន Reuters ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​។

«​វា​គឺ​មាន​ការរិះគន់​យ៉ាងខ្លាំង ចំពោះ​អ៊ុ​យក្រែន លើ​បញ្ហា​អំពើពុករលួយ ហើយ​អ្វី​ដែល​នឹង​កើតឡើង​សម្រាប់​ឆ្នាំ​ក្រោយ គឺ​ដូច​ទៅ​នឹង​ការកំណត់​នៃ​ជោគវាសនា សម្រាប់​សម័យកាល​នៃ​ប្រទេស​មួយ​នេះ​» នេះ​បើ​តាម​ការលើកឡើង របស់លោក Biden ឲ្យដឹង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម ជាមួយនឹង​ប្រធានាធិបតី​អ៊ុ​យក្រែន លោក Petro Poroshenko ក្រោយពី​បញ្ចប់​កិច្ចពិភាក្សា​ទ្វេភាគី​។​

​បណ្តា​ប្រទេស​លោកខាងលិច ដែល​គាំទ្រ​អ៊ុ​យក្រែន បាន​ជម្រុញ​សា​ជា​ថ្មី​ម្តងទៀត ឲ្យ​ក្រុម​អាជ្ញាធរ​ទីក្រុង Kiev ដើម្បី​ធ្វើការ​កែទម្រង់​លើ​កិច្ចសន្យា​ដែល​បាន​ធ្វើឡើង ក្រោម​កម្មវិធី​អន្តរជាតិ​ជាមួយនឹង​ទឹកប្រាក់ ៤០​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក ក្នុង​គោលបំណង​ពង្រឹង​សេដ្ឋកិច្ច​នៃ​ប្រទេស​សង្គ្រាម​មួយ​នេះ ដែល​បាន​ក្ស័យ​ធុន ដោយសារ​អំពើ​ពុករលួយ និង​ការគ្រប់គ្រង​សេដ្ឋកិច្ច​មិន​បាន​ល្អ​៕​