(​អាល្លឺម៉ង់​)៖ យន្តហោះ​ដឹក​អ្នកដំណើរ​មួយគ្រឿង មាន​ទិសដៅ ពី​ទីក្រុង Berlin ទៅ​កាន់​ទីក្រុង Hurghada ប្រទេស អេ​ហ្ស៊ី​ប បាន​ចុះចត នៅ​អាកាស​យាន្តដ្ឋាន Budapest នា​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​មាន​ការ​គំរាម​បំផ្ទុះ​គ្រាប់បែក នេះ​បើ​យោងតាម​សេចក្តីរាយការណ៍ របស់​ភ្នាក់ងារ​សារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​។​

​ស្ត្រី​ជា​អ្នកនាំពាក្យ​ប៉ូលិស​ម្នាក់ បានឲ្យដឹងថា ការ​គំរាម​បំផ្ទុះ​គ្រាប់បែក​នេះ មាន​គោលដៅ​វាយប្រហារ ទៅលើ​យន្តហោះ របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ ប៉ុន្តែ​បដិសេធ​មិន​បញ្ជាក់​ឈ្មោះ ក្រុមហ៊ុន​នោះ​ទេ​។ លោកស្រី បានឲ្យដឹងថា ប៉ូលិស បាន​ធ្វើ​ការត្រួតពិនិត្យ​ទៅលើ​អ្នកដំណើរ ក៏​ដូចជា​កញ្ចប់​ឥ​វ៉ាន់ នៅលើ​យន្តហោះ ដែល​រង​ការគំរាមកំហែង​នេះ​។ យ៉ាងនេះ​ក្តី​សារព័ត៌មាន Reuters បាន​ចេញផ្សាយ​សារជាថ្មី​ថា មិន​មាន​គ្រឿងផ្ទុះ​ណាមួយ ត្រូវបាន​គេ​រកឃើញ នៅលើ​យន្តហោះ ដឹក​អ្នកដំណើរ​មួយ​នេះ​នោះ​ទេ​៕​