(​អ៊ីរ៉ាក់​)៖ នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក Haider al-Abadi បាន​លើកឡើង​ថា ក្រុម ISIS និង​ក្រុម​ឧទ្ទាម​ផ្សេងទៀត បាន​រត់ពន្ធ​ប្រេង​ខុស​ច្បាប់​តាម​រយៈ​ប្រទេស​តួ​ក​គី ហើយ​លោក​ជឿ​ថា​ការរត់ពន្ធ​នេះ​គឺ​មាន​ការ​បើកដៃ​ពី​រដ្ឋាភិបាល​តួ​ក​គី​ទើប​អាច​ធ្វើទៅបាន នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​០៨ ខែ​ធ្នូ​។​

​នៅក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​លោក Frank-Walter Steinmeier, លោកនាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​បាន​បញ្ជាក់​យ៉ាង​សង្កត់ធ្ងន់​ថា បើ​ចង់​កម្ទេច​ក្រុម ISIS ឬ​ក្រុម​ឧទ្ទាម​គឺ​ត្រូវ​កាត់ផ្ដាច់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ជា​មុន​សិន ក្នុងនោះ​គឺ​ត្រូវ​បញ្ឈប់​ការរត់​ប្រេង ដែល​ជា​ប្រភព​ចំណូល​ធំ ហើយ​លោក​ក៏​បាន​អំពាវនាវ​ឲ្យ​បណ្ដា​ប្រទេស​អន្តរជាតិ​ជួយ​អ៊ីរ៉ាក់​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុម ISIS ផងដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅពេល​នេះ​តួ​ក​គី​មិន​បាន​បញ្ជូន​ទ័ព​បន្ថែម​ទៅ​កាន់​តំបន់ Mosul ឡើយ បន្ទាប់ពី​មាន​ការព្រមាន​យ៉ាងខ្លាំងៗ ពី​សំណាក់​អ៊ីរ៉ាក់ ប៉ុន្តែ​តួ​ក​គី​នៅ​មិនទាន់​ដកទ័ព​ចេញ​ឡើយ ខណៈ​ដែល​អ៊ីរ៉ាក់ បាន​ប្រកាស​ថា​នឹង​មាន​ចំណាត់ការ​តាម​ផ្លូវច្បាប់​៕​