(​ឥណ្ឌា​)៖ យ៉ាងហោច​ណាស់​មាន​មនុស្ស​៣​នាក់​បាន​ស្លាប់ និង​១០០​នាក់​ផ្សេង​ទៀត​របួស​នៅ​ក្នុង​គ្រោះ​ឧប្បទ្ទវហេតុ​រថភ្លើង​២​គ្រឿង​បុក​គ្នា​នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន RT ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី​០៨ ខែវិច្ឆិកា​។​

​ប៉ូលិស​ប្រចាំ​តំបន់​បានបង្ហាញ​របាយការណ៍​បឋម​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ ៨៖២៥​នាទី​ព្រឹក​ថ្ងៃ​អង្គារ​នេះ បណ្ដាល​ឲ្យ​អ្នកបើកបរ​រថភ្លើង​ម្នាក់​ត្រូវបាន​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ ខណៈ​ដែល​មនុស្ស​ជាច្រើន​ប្រមាណ ១០០​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​ករណី​រថភ្លើង​ពីរ​គ្រឿង​បុក​គ្នា​នេះ ត្រូវបាន​គេ​ជឿជាក់​ថា​បណ្ដាលមកពី​អ័ព្ទ​ក្រាស់ ជា​ហេតុ​ធ្វើឲ្យ​អ្នកបើកបរ​រថភ្លើង មើលមិនឃើញ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ឥណ្ឌា​ជា​ប្រទេស​មួយ​ដែល​មាន​ប្រព័ន្ធ​ផ្លូវ​រថភ្លើង​ច្រើនជាងគេ ដែល​បច្ចុប្បន្ន​មាន​ជើង​ធ្វើដំណើរ​ទៅមក​ប្រមាណ ១២.០០០​ជើង​, អ្នកដំណើរ ២៣​លាន​នាក់​ក្នុង​មួយ​ថ្ងៃ​៕​