(​រុស្ស៊ី​)៖ មនុស្ស​៥​នាក់ បាន​ទទួល​រងរបួស​ស្រាល បន្ទាប់​ពី​គ្រាប់បែក​ឆ្នៃ​មួយ​បាន​ផ្ទុះឡើង នៅ​ចំណតរថយន្ត​ក្រុង កណ្តាល​រដ្ឋធានី​ម៉ូស្គូ ប្រទេស​រុស្ស៊ី នេះ​បើ​តាម​ព័ត៌មាន AFP ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​។​

​ហេតុការណ៍​ផ្ទុះ​នេះ បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ចន្ទ (​ម៉ោង​ក្នុង​តំបន់​) តាម​បណ្តោយ​ផ្លូវ Pokrovka ជា​តំបន់​ដ៏​ពេញនិយម កណ្តាល​ទីក្រុង​ម៉ូស្គូ ជា​ចំណុច​សម្បូរ​ទៅដោយ បារ និង​ភោជនីយដ្ឋាន​ជាច្រើន​។

​អ្នកនាំពាក្យ​ប៉ូលិស​ម៉ូស្គូ លោក Maxim Kolosvetov បានឲ្យដឹងថា «​ការស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​មួយ​នេះ បាន​និង​កំពុង​ធ្វើ​ឡើង​»​។ តាម​ព័ត៌មាន​បឋម​បានឲ្យដឹងថា គ្រាប់បែក​ឆ្នៃ​នេះ ត្រូវ​បាន​គប់​ចេញពី​រថយន្ត​មួយ​គ្រឿង ឬក៏​អគារ​នៅ​ជិត​កន្លែងកើតហេតុ ដែល​បាន​បណ្តាល​ឲ្យ មនុស្ស​៥​នាក់​ទទួល​រងរបួស​។ បន្ទាប់ពី​មាន​ហេតុការណ៍​នេះ​កើតឡើង រថយន្ត​ប៉ូលិស​, រថយន្ត​ពន្លត់​អគ្គីភ័យ និង​រថយន្ត​សង្គ្រោះ​បន្ទាន់ បាន​ទៅដល់​កន្លែងកើតហេតុ ដើម្បី​គ្រប់គ្រង​ស្ថាន​ការ​។​

​ស្ត្រី​ម្នាក់​ឈ្មោះ Ksenia អាយុ​២៨​ឆ្នាំ សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​បានឲ្យដឹងថា «​ខ្ញុំ​បាន​នៅ​ចំណតរថយន្ត​ក្រុង ហើយ​ភ្លាមៗ​នោះ​ខ្ញុំ​បាន​ឮ​សំឡេង​ផ្ទុះ​យ៉ាងខ្លាំង ខ្ញុំ​ភ័យ​ជាខ្លាំង ដោយ​ដំបូង​ខ្ញុំ​គិតថា​មាន​ការបាញ់ប្រហារ ហើយ​ខ្ញុំ​ក៏​បាន​រត់​ចេញ​ឆ្ងាយ ពី​ចំណតរថយន្ត​ក្រុង​តែម្តង​» ៕